រាជធានីភ្នំពេញ៖ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់លើលទ្ធផលស្រាវជ្រាវស្តីពី “ការបាត់បង់ការសិក្សាលើផ្នែកអំណាន និងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន”។
ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។
កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវឱ្យមានលក្ខណៈទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ហើយគម្រោងនៃការសិក្សាស្រាវជ្រាវនេះ គឺជាការផ្តួចផ្តើមមួយក្នុងចំណោមការផ្តួចផ្តើមជាច្រើន ដែលបានធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងអំឡុងកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលទទួលបានថវិកាឧបត្ថម្ភដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា៕