ខេត្តកណ្តាល: នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះបង្ក្រាប ទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (បើកកត់កន្ទុយលេខវៀតណាម)ចំនួន២កន្លែង ។
ករណីបង្ក្រាបលេងល្បែងស៊ីសងខុសច្បាប់(ឆ្នោតយួន)នេះធ្វើឡើង ក្រោយពីទទួលព័ត៌មានថា ទីតាំងទាំងពីរកន្លែងខាងលើ មានលួចលាក់លេងល្បែងស៊ីសង ឆ្នោតកន្ទុយលេខវៀតណាម។
ភ្លាមៗនោះលោកយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យផ្នែកជំនាញសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលដេីមមៀន និង ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះស្រាវជ្រាវទីតាំងទាំងពីរកន្លែងតែម្តង។
ទីតាំងទី១ ស្ថិតនៅភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅដែលមានម្ចាស់ទីតាំងឈ្មោះ គាង វាសនា ភេទ ស្រី អាយុ ៣៣ឆ្នាំ មុខរបរ កត់ឆ្នោតវៀតណាមខុសច្បាប់ បានធ្វើកិច្ចសន្យាបិទទីតាំងតែម្តង ។
ទីតាំងទី២ ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលមានម្ចាស់ទីតាំងឈ្មោះ អ៉ឹង ហ៊ុយគង់ ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ លក់ហ្គាស់ វេរលុយ និង កត់ឆ្នោតខ្មែរ ដែលច្បាប់ត្រឹមត្រូវ ប៉ុន្តែទីតាំងនេះក៏បានធ្វើកិច្ចសន្យាផងដែរមិនអោយមានកត់ឆ្នោតវៀតណាមខុសច្បាប់ ៕