ចេញផ្សាយ ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2023
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាចំនួន៣០០០ដុល្លារអាមេរិក ជួយដល់យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កញ្ញា ផុន រ៉ាស៊ី ដែលបានបាត់ម៉ូតូ ដើម្បីឲ្យរូបគេអាចទិញម៉ូតូសម្រាប់ប្រើប្រាស់វិញ។
តាមរយៈបណ្តាញ Telegram ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ល្ងាចនេះ [ថ្ងៃទី១៩ ឧសភា] តាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាស៊ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើ ដល់ការប្រកួតស៊ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ 3,000$ សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោក សេង ទៀង តាមទូរសព្វ័លេខ 012 961971 ដើម្បីទទួលយកថវិកា»។
គួរជម្រាបជូនថា កញ្ញា ផុត រ៉ាស៊ី បានបង្ហោះលើ Facebook របស់គេអំពីការបាត់ម៉ូតូ១គ្រឿង ម៉ាកហុង Dream C125 ពណ៌ខ្មៅ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ នាងជាយុវជនស្ម័គ្រចិត្តនៅលើទីលាន AZ Group Cricket Oval (ផ្លូវ៦០ម៉ែត្រ)។
នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ កញ្ញា ផុន រ៉ាស៊ី តាមរយៈ Facebook របស់នាងបានប្រកាសថា «នាងខ្ញុំបានទទួលថវិកាដែលសម្ដេចពុកបានជួយរួចហើយ តាមរយ:លោកពូសេង ទៀង។ នាងខ្ញុំសូមអរគុណសម្ដេចពុក និងជូនពរឲ្យសម្ដេចពុក និងក្រុមគ្រួសារមានសុខភាពល្អ អាយុយ៉ឺនយូរ មានសុវត្ថិភាពរាល់ការធ្វើដំណើរ និងជោគជ័យគ្រប់ភារកិច្ច។នាងខ្ញុំសូមអរគុណ»៕