នាថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃស្រឡិត បានអញ្ជើញចុះជួបសំណេះសំណាល ដើម្បីបង្រៀនគូសសន្លឹកឆ្នោត ក៏ដូចជាឃោសនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ដល់សមាជិក សមាជិកាគណបក្សប្រជាជន និងប្រជាពលរដ្ឋនៅតាមបណ្តាភូមិទាំង ១៥ នៃឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
នាឱកាសសំណេះសំណាលនេះ, ឯកឧត្តម កើត រិទ្ធ បានរំលឹកថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានខិតខំលះបង់គ្រប់បែងយ៉ាងដើម្បីរំដោះកម្ពុជា និងសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជា ពីភ្នក់ភ្លើងសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ ហើយក៏បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ ព្រមទាំងមានការអភិវឌ្ឍ និងមានស្ថិរភាពដូចសព្វថ្ងៃ។ បន្ថែមពីនេះ, ឯកឧត្តម បានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជា “ការបោះឆ្នោតឱ្យខ្លួនឯង” ព្រោះថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន កើតឡើងដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបុព្វហេតុ និងផលប្រយោជន៍របស់ប្រជាជន។ ទន្ទឹមនេះ, ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់ និងជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីឱ្យកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ពោលគឺ ដើម្បីធ្វើឱ្យធ្វើឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីសុខ និងមានជីវភាពរីកចម្រើន និងសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។
នាឱកាសនោះផងដែរ, ឯកឧត្តម កើត រិទ្ធ បានអំពាវនាវដល់គ្រប់សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ សូមត្រៀមឯកសារពាក់ព័ន្ធឱ្យបានរួចរាល់ដើម្បីចូលរួមការបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាមួយគ្នានេះ, ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារឱ្យជួយសម្របសម្រួលដល់គ្រប់សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ជាពិសេស លោកតា លោកយាយដែលមានវ័យជរា និងជនមានពិការភាព ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរចូលរួមការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗឱ្យបានគ្រប់ៗគ្នា។