បាត់ដំបង៖ ពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងសម្ពោធដាក់ឲ្យប្រើប្រាស់ស្នាក់ការគណបក្សភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ក្រោមវត្តមានឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម សារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ជាអនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំអំពិលប្រាំដើម និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានភូមិបឹងអារក្ស ក្រុមការងារ និងប្រជាពលរដ្ឋជាច្រើននាក់។
ពិធីនេះបានរៀបចំធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តម រាជ សុភទ្ទ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបវេល ជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំអំពិលប្រាំដើម និងក្រុមការងារគណបក្សឃុំ សាខាបក្សភូមិ និងសមាជិក សមាជិកាជាច្រើនរូបទៀត។
លោកមេភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម បានឡើងមានមតិស្វាគមន៍ក្រុមការងារចុះជួយមូលដ្ឋាន និងធ្វើរបាយការណ៍អំពីការរីកចម្រើននៅក្នុងមូលដ្ឋានភូមិបឹងអារក្សទាំងមូលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោកមេភូមិបានបន្តទៀតថា ស្នាក់ការគណបក្សភូមិនេះ ត្រូវបានសាងសង់ឡើងតាមតាមសំណូមពររបស់ប្រជាពលរដ្ឋ សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួម ក្រោមការផ្តួចផ្តើមគំនិត និងជួយជ្រោមជ្រែងទាំងស្រុង របស់ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ និងក្រុមការងារចុះពង្រឹងមូលដ្ឋានភូមិបឹងអារក្សផ្ទាល់តែម្តង។
លោកមេភូមិបឹងអារក្ស បានបន្ថែម ទីស្នាក់ការគណបក្សដែលក្រុមការងារបានកសាងឡើងនេះ សម្រាប់ជាប្រយោជន៍ឲ្យប្រជាប្រពលរដ្ឋក្នុងសហគមប្រើប្រាស់តាមភាពចាំបាច់ និងជាក់ស្តែង ដូចជាកម្មបុណ្យទាន ការជួបកម្មវិធីផ្សេងៗ និងជាកន្លែងសម្រាប់អ្នកធ្វើដំណើរជិតឆ្ងាយអាចចូលជ្រក ឬស្នាក់នៅជាបណ្តោះអាសន្នផងដែរ។
ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានភូមិបឹងអារក្ស បានថ្លែងថា ដោយមើលឃើញពអំពីតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមយើងនេះ ក្រុមការងារក្រោមការដឹកនាំផ្ទាល់ឯកឧត្តម រាជ សុភទ្ទ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំអំពិលប្រាំដើម ក្រុមការងារបានយកចិត្តទុកដាក់ដោះជួនបងប្អូនតាមភាពជាក់ស្តែង។
ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានរំដោះប្រទេសជាតិពីភ្នក់ភ្លើងសង្គ្រាមក្រោមនយោបាយ “ឈ្នះ-ឈ្នះ” និងបន្តការអភិវឌ្ឍន៍ប្រទេសពីបាទដៃទទេរហូតឈានដល់មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសរក្សា និងការពារសុខសន្តិភាពជួនប្រជាពលេដ្ឋ ឲ្យមានឱកាសរកស៊ីទទួលទាប និងប្រកបកិច្ចការងារគ្រប់បែបយ៉ាងតាមតម្រូវការរៀងៗខ្លួន។
នាឱកាសនោះ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមនូវឯកសារពាក់ព័ន្ធ ដូចជា អត្តសញ្ញាបណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងសូមគ្រប់តួអង្គរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
ជាចុងបញ្ចប់ ក្រុមការងារបានរៀបចំរៀបចំអាហារសាមគ្គីក្រោមម្លប់សន្តិភាព រាំលេងកំសាន្តអមដោយភ្លេងឆៃយ៉ាំយ៉ាងសប្បាយរីករាយក្រៃលេងផងដែរ៕