រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កាលពីថ្ងៃម្សិលមិញនេះ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរងនៃស្នងការដ្ឋាន នគរបាលខេត្តកំពតឱ្យមកជាមន្ត្រី ចំពោះមូលហេតុត្រូវបានបានបញ្ជាក់ថា ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
សូមបញ្ជាក់ថា ការដកហូតតំណែងវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរងខេត្តកំពតនេះ គឺធ្វើឡើងក្រោយពីមានការរិះគន់ពីមហាជន ខណៈដែលវរសេនីយ៍ទោរូបនេះ ធ្លាប់មានប្រវត្តិបន្លំយក iPad ពីហាងលក់ទូរស័ព្ទមួយកន្លែងនៅក្រុងកំពតកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែនៅពេលថ្មីៗនេះ បែរជាត្រូវបានតែងតាំងជាស្នងការរងនគរបាលខេត្តកំពតទៅវិញ។
ករណីនេះ វាក៏ស្របគ្នាទៅនឹងការដាក់បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយសម្តេចបានណែនាំឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗឱ្យបានហ្មត់ចត់ មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋ ស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ៕