(ខេត្តកណ្ដាល)៖ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានជួបសំណេះសំណាលជាមួយគណ:កម្មការចំណុះឱ្យទូក នៅវេទិការៀបចំពិធីប្រណាំងទូកសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា៖ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កនូវភាពសប្បាយរីករាយប្រកបដោយសេចក្ដី ថ្លៃថ្នូរក្នុងពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ទូកង ទូកមួង ដែលចូលរួមប្រណាំង ត្រូវតុបតែងរំលេចក្បាច់រចនាទៅតាមលក្ខណៈវប្បធម៌ ប្រពៃណី ជាតិសុទ្ធសាធ ក្នុងពេលប្រកួត កីឡាករ កីឡាការិនី ត្រូវមានសម្លៀកបំពាក់ជាឯកសណ្ឋានរបស់មូលដ្ឋាន តាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ ហាមស្លៀកក្រមាលែងខ្លួនទទេ ពាក់អាវវាលក្លៀក គោរពអោយបាននូវសេចក្ដីថ្លៃថ្នូរ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងមិនត្រូវបង្កភាពអនាធិបតេយ្យឡើយ។