(ខេត្តកណ្តាល)៖ បន្ទាប់ពីដំណើរការ អស់រយៈពេល មួយព្រឹកព្រឹត្តិការណ៍ ប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្នាំ២០២៣ បានបញ្ចប់ប្រកបដោយជោគជ័យ។
តាមរបាយការណ៍របស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្កកណ្តាល ឧ្យដឹងថាកម្មវិធីប្រណាំងទូកដែលបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនាឱកាសនេះ គឺបានដំណើរការប្រព្រឹត្តទៅក្រោមម្លប់នៃសុខសន្តិភាព ដែលយើងទទួលបានយ៉ាងពេញបរិបូរណ៍ ក្រោមការដឹកនាំរបស់ ស្ថាបនិកអគ្គមគ្គុទេស៍ឯកប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បញ្ជាក់ដែរថា ក្នុងរយៈពេល០១ថ្ងៃ នៃកម្មវិធីប្រណាំងទូកនេះ រដ្ឋបាលខេត្តកណ្តាល ក៏បានរៀបចំកម្មវិធីកំសាន្តសប្បាយអមជាមួយការប្រណាំងទូកប្រពៃណី ដូចជាស្តង់ពិព័ណ៌លក់ ផលិតផលនានា ការប្រគុំតន្ត្រីសម័យ បុរាណ និងមានបាញ់កាំជ្រួចចំនួនប្រមាណ ៥០០គ្រាប់ផងដែរ។ ពិធីដ៏អធិកអធមនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ និងបរទេសចូលរួមទស្សនាច្រើនលើសពីការរំពឹងទុក ដែលតាមការប៉ាន់ ស្មានវាយតម្លៃបឋម មានប្រជាពលរដ្ឋប្រមាណ ៣ម៉ឺននាក់ ដែលបានចូលរួមដោយផ្ទាល់តាំងពីកម្មវិធីបើក និងបន្តនៅពេលរសៀលនេះ ប្រកបភាពសប្បាយរីករាយខ្ញៀវខ្ញា នៅក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ។
មានប្រសាសន៍បិទបញ្ចប់ ប្រណាំងទូក ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះខេត្តកណ្តាល បានបង្ហាញពីការកោតសរសើរចំពោះការរៀបកម្មវិធីប្រណាំងទូកនៅក្រុងតាខ្មៅ របស់ខេត្តកណ្តាល នៅថ្ងៃនេះបានយ៉ាងល្អ និងរលូនផងដែរ ដើម្បីបង្ករលក្ខណ:កម្សាន្តសប្បាយជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងក្រុងតាខ្មៅ ក៏ដូចជាពលរដ្ឋមកពីបណ្តារាជធានី ខេត្តផ្សេងៗទៀតក្នុងឱកាសនេះ។
គួរបញ្ជាក់ថាឆ្នាំ២០២៣ នេះខេត្តកណ្តាល បានជ្រើសរើសទូកសរុបចំនួន ៧៣ទូក ក្នុងនោះរួមមាន៖ ទូកខ្នាតអន្តរជាតិនារីចំនួន២ទូក, ទូកខ្នាតអន្តរជាតិ បុរសចំនួន៣២ទូក ,ទូកអុំបុរសចំនួន៣៤ទូកចែវ ចំនួន០៥ទូក ,ចំណុះទូកសរុបចំនួន៤.១៧៩នាក់ ដោយឡែកចំពោះ ការអុំនៅពេលរសៀល ចំនួន២លើក ខណ:សម្រាប់ទូកដែលទទួលបានចំណាត់ថ្នាក់លេខ១គឺទូក សារាយតេជោសែនជ័យ មកពីស្រុកខ្សាច់កណ្តាល , ទូកទទួលជាប់ចំណាត់ថ្នាក់លេខ២ គឺទូក រតន:កុមារតេជោសែនជ័យ មកពីក្រុងអរិយក្សត្រ និងទូកទទួលបានចំណាត់ថ្នាក់លេខ៣ គឺទូក បារមីតេជ:ទូលភីវត្តបារុង មកពីក្រុងអរិយក្សត្រ៕