កណ្តាល ៖ រោងចក្របោកគក់ យីដា មេនូហ្វេកធីរើ ខូ អិលធីឌី ត្រូវបានអគ្គិភ័យឆាបឆេះ ក្រៅពីរងខូចខាតសម្ភារៈខាងក្នុងអស់ បណ្តាលឱ្យស្លាប់ស្ត្រីជាប្រធានផ្នែកគ្រប់គ្រងសារធាតុគីមីម្នាក់ រងរបួសបុរស៤នាក់ទៀត ។
គ្រោះអគ្គិភ័យខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅរោងចក្រយីដា Yi Da Manufacturer Co;Ltd ស្ថិតនៅក្នុងភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះដែលបានស្លាប់ ឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ជាប្រធានផ្នែកគ្រប់គ្រងសារធាតុគីមី សម្រាប់បម្រើក្នុងការងាររោងចក្របោកគក់ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែកជនរងរបួសចំនួន៤នាក់ ៖ ទី១ ឈ្មោះ សោម ប៊ុនថាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ។
ទី២ ឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ ។
ទី៣ ឈ្មោះ សៀង វុទ្ធីភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ។
ទី៤ ឈ្មោះ សាំង រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រកកៀនស្វាយ
ជុំវិញករណីខាងលើ បើតាមកម្មករបានឱ្យដឹងថា ផ្ទុះឆេះចេញពីឃ្លាំងស្តុកគីមី នៅក្នុងរោងចក្រ ឆាបឆេះរាលតែម្តង ធ្វើឱ្យផ្សែងហុយឈួលឈ្លក់ ថប់ដង្ហើម បណ្តាលឱ្យ ស្លាប់ម្នាក់ របួស៤នាក់ ។ ជនរងរបួសទាំង៤នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ។
តែទោះជាយ៉ាងណាក្តី ករណីអគ្គិភ័យឆេះរោងចក្រខាងលើ សមត្ថកិច្ចបន្តធ្វើការសាកសួរនិងស្រាវជ្រាវ ៕