(រាជធានីភ្នំពេញ វិមានសន្តិភាព)នៅថ្ងៃព្រហស្បតិ៍០៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ៣៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែគុម្ភ ឆ្នាំ២០២៤នេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយមានទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ជាសមាជិក ដែលបានសហការគ្នាក្នុងការលើកកម្ពស់កាលានុវត្តភាពធុរកិច្ច, វិនិយោគ និង ពាណិជ្ជកម្ម, ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២២ កញ្ញា ២០២៣ សភាពាណិជ្ជកម្មអាមេរិក ក៏បានសហការជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំនូវវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ ដោយមានក្រុមហ៊ុនធំៗ និងវិនិយោគិនអាមេរិកមួយចំនួន បានចូលរួមក្នុងវេទិកាធុរកិច្ចនេះផងដែរ ។