បន្ទាប់ពីករណីឧកញ៉ាអ៊ាងចាក់ដីចង់ទប់បិទទន្លេមេគង្គធ្វើឲ្យល្បីល្បាញស្រុកស្រីសន្ធរនោះមក ស្រាប់តែមាន រឿងឧកញ៉ាមួយទៀតដែលកើតនៅក្បែរគ្នានោះ កំពុងចាក់ដីចូលខ្ពបទន្លេមេគង្គ និងកំពុងសាងសង់ផ្ទះយ៉ាងរំភើយ។ នោះគឺបុរសម្នាក់ដែលមានងារជាឧកញ៉ាឈ្មោះនួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA កំពុងធ្វើទង្វើល្មើស ច្បាប់ប្រទេសជាតិ ដូចទៅនឹងឧកញ៉ាអ៊ាងនោះដែរ ដោយការចាក់ដីលុបខ្ពបដៃទន្លេមេគង្គនៅចំណុចភូមិ តាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ដោយសារល្បីល្បាញរឿងអំពើល្មោភរបស់ ឧកញ៉ាអ៊ាង នៅក្នុងស្រុកស្រីសន្ធរនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ គេឃើញមន្ត្រីភូមិបាលស្រុកប្រញាប់ប្រញាល់ជើង៣ ជើង៤, ចុះទៅផ្អាកសកម្មភាពនៃការសាងសង់របស់លោកឧកញ៉ានួន រិទ្ធី ដែលអ្នកផងដឹងថា ជាទង្វើបំពានច្បាប់នៃព្រះរាជាណាចក្រ។ ប្រភពរាយការណ៍ថា ទង្វើនោះគឺជាការគុបគិតគ្នារវាងមន្ត្រីថ្នាក់ស្រុក ក្រោមការដឹកនាំរបស់លោកស៊ឹម គង់ ចៅហ្វាយស្រុកស្រីសន្ធរ ជាមួយលោកឧកញ៉ានួន រិទ្ធី ដែលភរិយារបស់ឧកញ៉ាមានស្រុកកំណើតនៅឃុំព្រែកដំបូកនោះ។ និយាយឱ្យខ្លីទង្វើបំពានច្បាប់ប្រទេសជាតិដ៏ស្អុយរលួយបែបនេះ គឺកើតឡើងដោយការគុបគិតគ្នារវាងចៅហ្វាយស្រុកស្រីសន្ធរ លោកស៊ឹម គង់ និងឧកញ៉ានួន រិទ្ធី។
ចៅហ្វាយស្រុកលោកស៊ឹម គង់ អាចនិយាយថា មិនដឹង?
ដើម្បីរួចខ្លួនពីការទទួលខុសត្រូវ។ ស្របគ្នានឹង លោកចៅហ្វាយខេត្តកំពង់ចាមក៏អាចនិយាយបានដែរថា មិន ដឹងទេ ព្រោះ សកម្មភាពបំពានច្បាប់បែបនេះ តែងតែកើតមានដោយសារតែមន្ត្រីនៅថ្នាក់ក្រោមឃុបឃិតគ្នា។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើនេះនាំគ្នាខ្សិបថា បើគ្មានការគុបគិតគ្នា តើគេអាចធ្វើសំណងលយចូលខ្ពបឬដៃទន្លេបានយ៉ាងដូចម្ដេចទៅ? និយាយ រួមទៅបើគ្មានការបិទភ្នែកបត់ដុំដៃពីចៅហ្វាយស្រុក ស៊ឹម គង់ ដែលដើរអែបៗជាមួយឧកញ៉ាទេនោះ គឺមិនអាចមានអំពើបំពានច្បាប់ប្រទេសបែបនេះ កើតឡើងបានដោយងាយៗនោះឡើយ។ ចាំមើលថា តើរដ្ឋបាលខេត្តកំពង់ចាម របស់លោក អ៊ុន ចាន់ដា មានអ្វីបំភ្លឺបន្ថែមទៀត ចំពោះករណីឧកញ៉ានួន រិទ្ធី នេះ? តើត្រូវបញ្ជូនសំណុំរឿងនេះទៅតុលាការ ហើយចាប់អាម៉ីអាថោងល្អិតល្អោច ដាក់គុកឬយ៉ាងដូចម្ដេច?
រឿងរ៉ាវដែលកំពុងកើតឡើងនៅស្រុកស្រីសន្ធរ ចំពោះករណីបំពានច្បាប់ប្រទេសនេះ គឺដោយសារមន្ត្រីអ្នកអនុវត្តច្បាប់និងអាជ្ញាធរមូលដ្ឋាន។ បើគ្មានការគុបគិតរវាងពួកឈ្មួញអ្នកមានលុយ,គំនិតទុច្ចរិតខួរក្បាលថោក ទាបជាមួយអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុកទេនោះ គឺពិតជាគ្មានរឿងរ៉ាវដ៏ហួសចិត្តកើតឡើងបែបនេះឡើយ។ រាស្ត្រក្រីក្រនៅស្រុកស្រីសន្ធរ នាំគ្នាដើររឹតតែដើមទ្រូងថា មិនគួរអ្នកមានទ្រព្យស្បុកស្ដម្ភ មានងារជាឧកញ៉ាប្រព្រឹត្តអំពើទុច្ចរិតថោកទាប ក្បត់មនសិការជាតិ យ៉ាងដូច្នេះឡើយ។ ថា អ្នកមានលុយទៅវាគំនិតទុច្ចរិតយ៉ាងដូច្នេះ ចុះអាជ្ញាធរស្រុកស្រីសន្ធរ វាយ៉ាងម៉េចដែរ?៕