ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង«ពិធីសម្ភោធកាត់ខ្សែបូរឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រហ្មចារីយ៍ (ហៅវត្តព្រែកក្របៅ)»ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
ឆ្លៀតក្នុងឳកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដម អភិបាលខេត្ត សូមថ្លែងអំណរគុណដល់សប្បុរសជនជិតឆ្ងាយ ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ជុំវិញទីអារាមវត្តក្នុងការកសាងនូវសម្ធិផលនានា ដើម្បីទុកជាកុសលផលបុណ្យ ទៅអនាគតជាតិ ក្នុងវិស័យព្រះពុទ្ធសាសនា។
ឯកឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវ ដល់ក្មួយៗ សិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដើម្បីក្លាយជាទំពាំងស្នងឬស្សីមួយដែលពោរពេញទៅដោយសក្កានុពល ដើម្បីកសាងព្រះពុទ្ធសាសនា និងកសាងប្រទេសជាតិដ៏កំសត់មួយនេះ ដែលធ្លាប់តែរងនូវការបំផ្លិចបំផ្លាញ ពីសង្គ្រាម ឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍ និងឈានទៅរកភាពសម្បូរសប្បាយរុងរឿងនិងមានភាពល្បីល្បាញលើឆាកអន្តរជាតិ៕