ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកណ្តាលបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលខេត្ត កងកម្លាំងទាំង៣ លោកអភិបាលក្រុង-ស្រុក ទាំង១៣មន្ទីរអង្គភាពជុំវិញខេត្ត និងទីចាត់ការចំណុះរដ្ឋបាលខេត្ត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ ចំពោះក្រុមការងារទាំងអស់ ដែលបានរួមគ្នា រៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល ញ៉ាំងបរិកាសឱ្យសប្បាយរីករាយ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់បងប្អូនប្រកបដោយសាមគ្គីភាព ដោយភាពច្នៃប្រឌិត បង្កើតបានជារូបភាពល្អៗ ដើម្បីទាក់ទាញអ្នកចូលរួមមកលេងកម្សាន្តពីគ្រប់ក្រុង-ស្រុក។ នេះបង្ហាញឱ្យឃើញពីការចូលរួមចំណែកក្នុងការលម្អសោភណភាព និងសកម្មភាពនានា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង នាពេលខាងមុខនេះ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តក៏ដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពសកម្មជាងមុន ក្នុងការចូលរួមគាំទ្រ គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឆ្នើម។
ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរ ស្រុក-ក្រុង ឃុំ-សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព និងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈ និងស្ថេរភាពនយោបាយទាំងក្នុងភូមិសាស្ត្រខេត្ត ឱ្យកាន់តែល្អ រឹងមាំថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យសកម្មភាពថែម ចំពោះការដោះស្រាយបញ្ហា សំណូមពរនានា ជាពិសេសការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទអោយទទួលបានលទ្ធផលល្អប្រសើរ និងទាន់ពេលវេលា៕