នារសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនយុវជនឈាមរាវក្រោម១៨ឆ្នាំ ចំនួន ០៥នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីកម្លាំងល្បាត នៃមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ និងឆែករកឃេីញគ្រឿងញៀនចំនួន ០២កញ្ចប់ រួមនឹងឧបករណ៍សម្រាប់កាច់សោរកម៉ូតូមួយចំនួន នៅចំណុចមុខការ៉ាស់សាំងLHR ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចបន្តសហការណ៍ជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះដល់បន្ទប់ជួលរបស់បក្ខពួកក្រុមជនសង្ស័យ ធ្វេីការឃាត់ខ្លួន ចំនួន ០៣នាក់ បន្ថែមទៀត ព្រមទាំងដកហូតដាវចំនួន ០១ដេីម កាំបិតចំនួន ០៦ដេីម រួមនឹងឧបករណ៍សម្រាប់កាច់សោរកម៉ូតូ មួយចំនួនទៀតផងដែរ។
ជនសង្ស័យទាំង ០៥នាក់ រួមមាន ៖១-មានឈ្មោះ គឹម វណ្ណីកាអូន ភេទប្រុស អាយុ១៧ឆ្នាំ, ២-មានឈ្មោះ ប្រាក់ រ៉ាជេម ភេទប្រុស ១៧ឆ្នាំ, ៣-ឈ្មោះ សុធារិន វីរៈ ភេទប្រុស អាយុ ១៥ឆ្នាំ, ៤-ឈ្មោះ ជួន ចៅឡង់ ភេទប្រុស អាយុ១៥ឆ្នាំ, ៥-ឈ្មោះ ប៊ុន ថុនវិសាល ភេទប្រុស អាយុ១៤ឆ្នាំ។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូជាច្រើនលើកច្រើនសារ និងជាមុខសញ្ញាប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាញឹកញាប់ ក្នុងនោះមានម្នាក់ធ្លាប់ជាប់ពន្ធនាគារខេត្តព្រះសីហនុ ០១ឆ្នាំ ករណីហិង្សា ម្នាក់ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ០១ឆ្នាំ ករណីប៉ុនប៉ងលួច និងម្នាក់ធ្លាប់ជាប់មណ្ឌលអប់រំកែប្រែផ្តាច់សារធាតុញៀនឱកាសខ្ញុំ ០២ខែផងដែរ៕