ខេត្តមណ្ឌលគិរី៖ មួយរយៈពេលកន្លងមកថ្មីៗនេះក្រុមឈ្មួញធំៗ នៅតែធ្វើសកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិ និងគៀងគរប្រជាពលរដ្ឋឲ្យចូល ព្រៃទៅកាប់ផ្តួលបំផ្លាញដើមឈើធំៗចេញពីរតំបន់ព្រៃភ្នំ ក្នុងតំបន់ដែនជំរកសត្វព្រៃ ដើម្បីកាប់ អារពុះជ្រៀកឈើ មានទាំងឈើក្រហម និងឈើឃ្លុំដែលមានមុខកាត់ធំៗ រួចធ្វើសកម្មភាពដឹកចេញតាមរថយន្ត ឆ្លងកាត់តាមច្រកទ្វាដាក់ដាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូន មិនដែលឃើញអស់លោក មន្ត្រីជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការបង្ក្រាបបានម្តងណានោះឡើយ ម្នាក់ៗ សង្ងំទទួលលាភសក្ការៈ ស្ងាត់ឈឹង ដូចចោរលួចសេះអញ្ចឹង។
ប្រភពចេញពីហាងកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី បានឱ្យដឹងថា មានបុគ្គលពីរនាក់១.ឈ្មោះ រិទ្ធ និង ២.ឈ្មោះ ភារម្យ និងបក្ខពួកជាច្រើននាក់ទៀតកំពុងតែព្យាយាម រត់ការអស់រយ: ពេលជាងកន្លះខែមកហើយ ជាមួយនឹងកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីដឹកឈើចេញពី ស្រុកពេជ្ជតា តាមរថយន្ត ធុនដ្រា និង ចេញពីស្រុកកោះញ៉ែក តាមរថយន្តបែនធំៗ តាមច្រកទ្វាដាក់ដាំឆ្លងដែនឆ្ពោះទៅកាន់ប្រទេសវៀតណាម ក៏ប៉ុន្តែគម្រោងការដឹកជញ្ជូនឈើចេញនោះមិនទាន់បានសម្រេចទេ ដោយដឹងថា មានមន្ត្រីជំនាញម្នាក់មិនទទួលសំណូកពីពួកឈ្មួញទាំងនោះទាល់តែសោះ។
ប្រជាពលរដ្ឋនៅក្នុងស្រុកពេជ្រចិន្តានិងស្រុកកោះញែក បន្តលើកឡើងថា ដោយសារតែភាពធូររលុង នឹង មានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន ដែលកន្លងមកធ្វើអោយក្រុមឈ្មួញដុះស្លែទាំងនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃភ្នំនិងដែនជម្រកសត្វព្រៃក្នុងស្រុកពេជ្រចិន្តានិងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជាក់ស្ដែងបើគិតត្រឹមយប់ថ្ងៃទី១១/១២ ខែកក្កដា ឆ្នាំ២០២២ ដោយឈ្មោះ រិទ្ធ និង ឈ្មោះ ភារម្យ ខិតខំប្រឹងប្រែងរត់ការអស់រយៈពេលជាងកន្លះខែមកហើយនោះ ទើបអាជីវកម្មដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ពួកគេ អាចដឹកឆ្លងដែនឆ្ពោះទៅកាន់ប្រទេសវៀតណាមបានដោយរលូន។
បើតាមសេចក្តីរាយការណ៍បានអោយដឹងទៀតថា ក្រុមឈ្មួញកំពុងត្រៀមរថយន្តប្រមាណជាង៣០ ទៅ៤០គ្រឿងដើម្បីសម្រុកដឹកឈើ ប្រភេទផ្ចឹក ស្រឡៅ សុក្រំ និងកកោះ កំពុងត្រូវប៉ាន់ និងដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំ។
ក្នុងករណីនេះបើសិនជាមិនមានកាបើកភ្លើងខៀវពីសំណាក់អាជ្ញាធរ ជាពិសេសមន្ត្រីច្រកទ្វាដាក់ដាំទេនោះ ពិតណាស់ក្រុមឈ្មួញមិនអាចដឹកជញ្ជូនបទល្មើសឆ្លងដែនទៅប្រទេសវៀតណាមបានដូចពេលបច្ចុប្បន្ននេះទេ។