នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងសមិទ្ធផលនានារបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ដែលមានទីតាំងនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ស.ស.យ.ក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក. រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ធំផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា វ៉ាន់ចាន់ ប្រធានស.ស.យ.ក.ខេត្តកំពង់ធំ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីនាឱកាសនោះ។ ជាមួយគ្នានេះ ឯកឧត្តមបានធ្វើរបាយការណ៍អំពីសមិទ្ធផលសម្រេចបាននាពេលកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក.ខេត្តកំពង់ធំ ដោយឯកឧត្តមបានគូសបញ្ជាក់ពីសមិទ្ធផល និងសកម្មភាពសំខាន់ៗមួយចំនួនរួមមាន ការពង្រឹង និងពង្រីករចនាសម្ព័ន្ធ ដោយផ្តើមចេញពីការងារស្ម័គ្រចិត្ត ការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី វប្បធម៌នៃការចែករំលែក និងការលើកកម្កើនវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ ការបណ្តុះបណ្តាលសមាជិក សមាជិកា ការចូលរួមយុទ្ធនាការមនសិកាពលរដ្ឋល្អ ព្រមទាំងបណ្តុះបណ្តាលជនបង្គោល ជាទីភ្នាក់ងារសម្រាប់ការស្វែងរកការងារ ដោយបានអនុវត្តសកម្មភាពផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមមូលដ្ឋានផងដែរ
នាឱកាសនោះផងដែរ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់វត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការអញ្ជើញចូលរួមជាអធិបតី នៃពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ និង សមិទ្ធផលនានារបស់ស.ស.យ.ក. ខេត្តកំពង់ធំ។ ឯកឧត្តមបានបន្តថាអគារស្នាក់ការថ្មីនេះ នឹងត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាល និងទីកន្លែងសម្រាប់ជំរុញសកម្មភាពយុវជន ព្រមទាំងជាកន្លែងសម្រាប់រៀបចំកម្មវិធី និងវេទិកាសង្គមនានា ដែលអាចផ្តល់ចំណេះដឹងទូទៅ និងជាប្រយោជន៍ដល់យុវជនផងដែរ។