បាត់ដំបង៖ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន សម្រាប់ចូលរួមសាងសង់អគារសិក្សាថ្មីមួយខ្នង ស្ថិតនៅក្នុងឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងជួបបញ្ហាខ្វះខាត។
ឯកឧត្តមបណ្ឌិតបានបរិច្ចាគថវិកាចំនួន២,៥០០,០០០រៀល ពេលអញ្ជើញដល់ទីតាំងសាលា និងបានពិនិត្យមើល្ថានភាពការងារសាងសង់ជាក់ស្តែង នាព្រឹកនេះ គឺមានការចូលរួមទទួលពីលោក ម៉ម សង ប្រធានភូមិគោករកា និងលោក ចិន សំអន មេឃុំដូនបា ព្រមទាំមានវត្តមានលោកគ្រូប្រចាំអនុវិទ្យាល័យអណ្តូងកន្តួតផងដែរ។
ឯកឧត្តមបណ្ឌិត ម៉េង សុភណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម បានមានប្រសាសន៍ថា «ការបរិច្ចាគថវិកាផ្ទាល់ខ្លួននេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ផ្នែកវិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល»។
លោក ដា ឧត្តម នាយករងអនុវិទ្យាល័យអណ្តូងកន្តួត បានមានប្រសាសន៍ថា សព្វថ្ងៃអនុវិទ្យាល័យនេះ មានអគារសិក្សាតែមួយខ្នងប៉ុណ្ណោះ ធ្វើអំពីឈើ ប្រក់ស័ង្កសី មានសិស្សសរុបទាំងអស់ចំនួន២៧៧នាក់ ដោយបែងចែកជា១២ថ្នាក់ មានថ្នាក់មត្តេយ្យមួយថ្នាក់ បឋមសិក្សាប្រាំមួយថ្នាក់ ចំណែកថ្នាក់អនុវិទ្យាល័យមានបីថ្នាក់។
លោកបានមានប្រសាសន៍ទៀតថា អគារសិក្សាមួយខ្នងនេះ ត្រូវបានផ្តួចផ្តើមគំនិតសាងសងដោយអាជ្ញាធរឃុំដូនបា ស្រុកគាស់ក្រឡ ក្រោមការជួយឧបត្ថមថវិកាសាងសង់ដោយអង្គការក្រៅរដ្ឋាភិបាល ឈ្មោះអង្គការសម្រេចក្តីសុបិនកុមារ។
លោកនាយករងបានលើកឡើងថា អគារថ្មីមួយខ្នង់នេះ ធ្វើអំពីបេតុង ប្រក់ក្បឿង មានប្រាំបន្ទប់ ហើយគ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេលពីរខែខាងមុខនេះ។
ក្នុងថ្ងៃទទួលថវិកាឧបត្ថម្ភពីឯកឧត្តមបណ្ឌិតនេះ ក្រុមជាងសំណង់ បានចាប់ផ្តើមជីកដីធ្វើជើងតាងគ្រឹះសសរ ចង់ដែក និងចាក់ដីធ្វើផ្លូវចូលទៅកាន់ទីតាំងគម្រោងសាងសង់ថ្មី ចំណែកដីចាក់ធ្វើខឿនសាលាមិនទាន់ចាក់នៅឡើយទេ។ ដូច្នេះថវិកាឧបត្ថម្ភចំនួន២,៥០០,០០០រៀលនេះ នឹងត្រូវប្រើប្រាស់លើការចំណាយលើគ្រឹះខឿនអគារសិក្សាតែម្តង។
លោកបានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ចំពោះការជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនសម្រាប់ចំណាយលើថ្លៃដីចាក់បំពេញធ្វើខឿនសាលា ដែលគ្រោងបញ្ចប់ការសាងសង់នៅប៉ុន្មានខែខាងមុខនេះ។
លោក ដា ឧត្តម បានមានប្រសាសន៍ដូច្នេះថា «សាលាកំពុងខ្វះខាត ហើយប្រជាពលរដ្ឋនៅក្នុងតំបន់នេះក៏ខ្វះខាត ហើយរៃគ្នាបានមិនគ្រប់។ ខ្ញុំមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងពេលបានឯកឧត្តមជួយឧបត្ថម្ភ ដូច្នេះសូមជូនពរឯកឧត្តមប្រកបការងារសម្រេចជោគជ័យ និងរកទទួលទានមានបាន»។
ចំណែកលោក ចិន សំអន មេឃុំដូនបា ដែលនាំដំណឹងអំពីកង្វះខាតថវិកាសាងសង់សាលលាជូនឯកឧត្តមបណ្ឌិត បានសម្តែងសេចក្តីសប្បាយរីករាយចំពោះជំនួយថវិកានេះ សម្រាប់ចាក់បំពេញខឿនអគារសាលា ដែលកំពុងជួបការខ្វះខាតខណៈការងារសាងសង់បានចាប់ផ្តើម។
លោកបានរំឭកថា ដោយសារជួបការខ្វះខាតផ្នែកថវិកាបែបនេះ ហើយបានជួបឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ធ អញ្ជើញមកជាតំណាងជួយដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងមូលដ្ឋាន ដូច្នេះលោកក៏បានលើកសំណើរផ្ទាល់មាត់សុំឯកឧត្តមជួយលើការចំណាយថ្លៃដីចាក់បំពេញគ្រឹះខឿនសាលាចំនួន១០០ឡាន ស្មើនឹងថវិកាចំនួន២,៥០០,០០០រៀល ហើយឯកឧត្តមក៏បានយល់ព្រមជួយតាមសំណើរ។
លោកមេឃុំដូនបា បានមានប្រសាសន៍ថ្លែងអំណរគុណថា «សុំថ្លែងអំណរណាស់ដល់ឯកឧត្តម ដែលមានជួយឧបត្ថម្ភលើការចំណាយថ្លៃដី១០០ឡាន។ សូមឯកឧត្តម នុងក្រុមការងារទទួលបានជោគជ័យគ្រប់ភារកិច្ចេះ»៕