ពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាលជំរុញឱ្យ អភិបាលក្រុងតាខ្មៅ ដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ទូទាំងក្រុងតាខ្មៅ ទន្ទឹមនឹងនោះអភិបាលរងក្រុងតាខ្មៅទាំងអស់ ត្រូវធ្វើជាសេនាធិការនឹងជួយដល់អភិបាលក្រុងតាខ្មៅថ្មី ក្នុងការផ្ដល់សេវាសាធារណៈនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើបែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅសាលាក្រុងតាខ្មៅ។
ឯកឧត្តមអភិបាលខេត្ត បន្តថា ក្នុងក្រុងតាខ្មៅប្រជាពលរដ្ឋមានការខ្វះខាតទឹកស្អាតប្រើប្រាស់ប្រមាណជាង ២០% ទូទាំង១០សង្កាត់ ដូចនេះសូមឱ្យអាជ្ញាធរក្រុងតាខ្មៅ បន្តខិតខំយកចិត្តទុកដាក់តបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់100%។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សង្ឃឹមយ៉ាងមុតមាំថា លោកគណៈអភិបាលក្រុងតាខ្មៅថ្មី ដែលទើបទទួលបានការតែងតាំង ត្រូវប្រើប្រាស់នូវ ចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារ រួមកម្លាំងសាមគ្គីជាធ្លុងមួយ ជាមួយគណៈអភិបាលក្រុង ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការកសាង អភិវឌ្ឍក្រុង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។ ជាពិសេសត្រូវពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យ បានជាប់ជានិច្ច នូវបាវចនា២ និងអភិក្រម៥ ដែលត្រូវបានដាក់ចេញដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រីគឺ៖ បាវចនា២ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និង វះកាត់» ។
ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានស្នើដល់លោកអភិបាល ក្រុង ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលក្រុងតាខ្មៅ ទាំងមូល ត្រូវបន្តយកចិត្តទុកដាក់រឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង របស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ ។ បន្ដទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញ លិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ដែលទើបត្រូវបានកែសម្រួលបែបបទ និងនីតិវិធីនៃផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។
សូមបញ្ជាក់ផងដែរថា លោក ឃឹម សំភារ ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ ជំនួសលោក នូ សុវណ្ណារ៉ា ត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើ ការងារនៅរដ្ឋបាលខេត្តកណ្តាល ៕ ពន្លឺតាខ្មៅ punleutakhmao TV hotnews