ក្រសួងព័ត៌មាន រកឃើញព័ត៌មានក្លែងក្លាយជាង ៤ពាន់មាតិកាបានផុស គិតត្រឹមឆមាសទី ១ឆ្នាំនេះ
ភ្នំពេញ៖ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន” នាព្រឹកថ្ងៃទី ១ ខែកញ្ញានេះថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២២នេះ ក្រុមការងាររបស់ក្រសួងព័ត៌មាន បានរកឃើញព័ត៌មានក្លែងក្លាយចំនួន ៤,៦៥៧មាតិកា ដែលសុទ្ធសឹងតែជារឿងប្រឌិត។
លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា « បើយើងគិត រហូតមកដល់ត្រឹមឆមាសទី ១ ឆ្នាំ ២០២២នេះ គឺយើងបានរកឃើញនូវប្រភេទព័ត៌មានក្លែងក្លាយ គឺចំនួន ៤,៦៥៧មាតិកា អាហ្នឹងគឺយើងរកឃើញចំនួនប៉ុណ្ណឹង ហើយនៅក្នុងមាតិកាទាំងអស់ ដែលយើងបានរកឃើញហ្នឹង វាជាប្រភេទប្រឌិត មានន័យថា រឿងហ្នឹងវាអត់មានទេ ប៉ុន្តែវាបង្កើតឡើងឲ្យមាន ហើយវាប្រភេទព័ត៌មានជេរប្រមាថ ជាព័ត៌មានប្រមាថដល់អង្គព្រះមហាក្សត្រអីជាដើម គឺដូចខ្ញុំបានជម្រាបជូនចឹង គឺមានចំនួន ៤,៦៥៧មាតិកា »។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ គឺក្រសួងព័ត៌មាន មិនបានកសាងសំណុំរឿងអំពីព័ត៌មានក្លែងក្លាយនេះទៅតុលាការនោះទេ ពីព្រោះនៅក្នុងប្រកាសអន្តរក្រសួង គឺក្រសួងព័ត៌មានមានសមត្ថកិច្ចនៅក្នុងការពិនិត្យមាតិកាព័ត៌មាន។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រកាសអន្តរក្រសួង ដែលបានលើកឡើងអំពីព័ត៌មានក្លែងក្លាយនេះ គឺយើងមានក្រសួង ៣ ដែលចូលរួមនៅក្នុងការអនុវត្ត ក្រសួងទាំង ៣ហ្នឹង គឺការចេញនូវប្រកាសនេះ….ជាគោលបំណងគឺយើងបានដឹងហើយថា ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬហៅថា ព័ត៌មានក្លែងក្លាយ ដើម្បីបម្រើទៅដល់ផលប្រយោជន៍ជាតិរបស់យើង យើងដឹងហើយថា តើព័ត៌មានក្លែងក្លាយវាមានឥទ្ធិពល វាមានការប៉ះពាល់យ៉ាងម៉េចខ្លះ ទៅលើប្រជាពលរដ្ឋរបស់យើង ទៅលើផលប្រយោជន៍របស់យើង ពេលខ្លះប៉ះពាល់ទៅដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិរបស់យើងទៀត ចឹងយើងបង្កើតប្រកាសហ្នឹង គឺដើម្បីការពារអាហ្នឹង វាជាផលប្រយោជន៍មួយរបស់ជាតិរបស់យើង របស់ប្រជាជនយើងទាំងមូល»។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមដែរថា នៅក្នុងប្រកាសដដែលនេះ ក៏បានបែងចែកនូវការទទួលខុសត្រូវរវាងក្រសួងពាក់ព័ន្ធ ទៅតាមជំនាញរៀងៗខ្លួន ដូចជាជំនាញនីតិវិធី ជំនាញចាត់វិធានការ និងជំនាញតាមដានមាតិកា ជាដើម៕