នារសៀលថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។
សម្ដេចក្រឡាហោម ស ខេង បានយកឱកាសនេះ ថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរនិយាយជារួម និងដោយឡែករវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណចិន ដែលតែងតែបានផ្ដល់កិច្ចសហប្រតិបត្តិការល្អរវាងគ្នាទៅវិញទៅមកនារយៈពេលកន្លងមក។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែបានផ្ដល់នូវការគាំទ្រជាជំនួយផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមចំណែកយ៉ាងសំខាន់ធ្វើឱ្យកម្ពុជាអាចសម្រេចបានលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ រហូតធ្វើឱ្យដំណើរការសកម្មភាពសង្គមនានាត្រូវបានបើកឡើងវិញរហូតដល់បច្ចុប្បន្ន។ សម្ដេច ក៏សង្ឃឹមជឿជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តរីកចម្រើនលូតលាស់ថែមទៀតតទៅអនាគត។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានជម្រាបជូនសម្ដេចនូវសេចក្ដីផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងសន្តិសុខសាធារណចិន ជូនចំពោះសម្ដេច ព្រមទាំងបានថ្លែងអំណរគុណរ និងអបអរសាទរលទ្ធផលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងសន្តិសុខសាធារណ ចិន។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏សូមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃនៅក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដើម្បីបម្រើដល់ផលប្រយោជន៍រួមទៅវិញទៅមកសម្រាប់ប្រជាជនប្រទេសទាំងពីរកម្ពុជា ចិន។
សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត នូវលទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនារយៈពេលចុងក្រោយ ដោយសម្ដេចបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ភាគីមិត្ត ព្រមទាំងបណ្ដាភាគីមិត្តក្នុងតំបន់ទាំងអស់ដែរ។
សម្ដេចក្រឡាហោម បានបន្ថែមថា ដើម្បីជំរុញដល់ដំណើរការប្រតិបត្តិការនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបង្កើតយន្តការសំខាន់ៗ រួមមានការបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បប់ ក្រុមការងារប្រតិបត្តិការអង្កេត និងស្រាវជ្រាវ និងក្រុមការងារត្រួតពិនិត្យក្រុមពលករហត្ថពលម្មបរទេសនៅកម្ពុជាផងដែរ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថាកម្ពុជា ក៏ជាប្រទេសរងគ្រោះដោយសារការឆ្លៀតឱកាសកេងប្រយោជន៍ពីចំណុចខ្វះខាតមួយចំនួនពីសំណាក់ក្រុមជនទុច្ចរិត ដើម្បីប្រព្រឹត្តបទល្មើស។ សម្ដេច ក៏អរគុណចំពោះកិច្ចសហប្រតិបត្តិការ ពិសេសការផ្ដល់កិច្ចសហប្រតិបត្តិការឱ្យគ្នាទៅវិញទៅមកក្នុងការបង្ការ និងបង្ក្រាបបទល្មើសប្រភេទនេះនាពេលកន្លងមកជាមួយភាគីចិន។
សម្ដេចនាយករដ្ឋមន្រ្តីស្ដីទី ក៏បានស្នើភាគីចិនបន្តគាំទ្រការងារនេះ តាមរយៈការស្រាវជ្រាវ ស៊ើបង្កេត និងបង្ក្រាបមេក្លោងនៅក្នុងប្រទេសសាម៉ីដែលពួកគេមានបណ្ដាញទំនាក់ទំនងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ហើយកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួកឧក្រិដ្ឋជនទាំងនោះដែលមាននៅក្នុងប្រទេសកម្ពុជា។
សម្ដេច បានរម្លឹកទៀតថាកាលពីពេលថ្មីៗនេះដែលមានការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន សម្ដេចក៏បានលើកឡើងបញ្ហានេះទៅកាន់អង្គប្រជុំ និងបានគូសបញ្ជក់អំពីសារៈសំខាន់នៃការរួមគ្នាឈានទៅកាត់ផ្ដាច់បណ្ដាញឧក្រិដ្ឋជន បង្ក្រាប ចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃលើករណីនេះ និងបានអរគុណសម្ដេចក្រឡាហោម ដែលបានបង្កើតក្រុមការងារនិងមធ្យោបាយនានា សម្រាប់ស្ថានទូត ឬអ្នកពាក់ព័ន្ធអាចផ្ដល់នូវព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងករណីបទល្មើសឆ្លងដែនផ្សេងៗដើម្បីមានកិច្ចអន្តរាគមន៍។
ឯកឧត្តម វ៉ាង វិនធាន ក៏បានជម្រាបជូនសម្ដេចដែរថាស្ថានទូតចិនបានធ្វើការងារនេះ ដោយបន្តជំរុញការផ្សព្វផ្សាយអំពីព័ត៌មានទាំងនេះទៅដល់បណ្ដាញផ្សព្វផ្សាយ ក៏ដូចជាសាធារណជននានាឱ្យបានដឹងពីមធ្យោបាយ និងព័ត៌មានមកខាងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាតាមរយៈគេហទំព័រហ្វេសប៊ុក ឬប្រព័ន្ធទូរសព្ទHot Line ដែលបានផ្សព្វផ្សាយកន្លងមក។
ឯកឧត្តម បានថ្លែងអំណរគុណការយកចិត្តទុកដាក់របស់អាជ្ញាធរកម្ពុជា ដែលបានធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋចិនរងគ្រោះក្នុងករណីកន្លងមក និងសូមអរអបសាទរចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម ក៏ត្រៀមខ្លួនផ្ដល់កិច្ចសហការ និងសំណូមពរផ្សេងៗរបស់ភាគីកម្ពុជាដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើស ក៏ដូចជាជនល្មើសដែលពាក់ព័ន្ធ។