ឯកឧត្តម អ៊ុំ រាត្រី និងក្រុមការងារ បន្តចុះពិនិត្យស្ថានភាពទឹក និងនាំយកអំណោយទៅចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់៥០គ្រួសារ នៅស្រុកភ្នំស្រុក
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងអធិការនគរបាលស្រុកភ្នំស្រុក និង កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ អមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និង នាំយកអំណោយ ទៅចែកជូនដល់ពលរដ្ឋ ស្រ្តីមានផ្ទៃពោះ ចាស់ជរា និងពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ដែលកំពុងរងគ្រោះដោយទឹកជំនន់ នៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
អំណោយទាំងអស់ត្រូវបាន ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារ ចុះចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន ៥០គ្រួសារ ដែលជាពលរដ្ឋងាយរងគ្រោះ, ជនក្រីក្រ និងស្ត្រីមានផ្ទៃពោះ ក្នុង១គ្រួសារ ទទួលបាន ១-អង្ករ ១០គីឡូ,២-ស្ករស កន្លះគីឡូ ,៣-អំបិល កន្លះគីឡូ ,៤-ទឹកស៊ីអ៉ីវ ១យួរ-៥.ទឹកត្រី ១យួរ និងមុង១ ផងដែរឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព និងមានអនាម័យឲ្យបានល្អ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ត្រូវប្រុងប្រយ័ត្នសត្វអសិរពិសផ្សេងៗខាំជាងនេះទៀតការពារកូនចៅកុំឲ្យលេងទឹកព្រោះបើមានការធ្វេសប្រហែសអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន៕