ឯកឧត្តមអភិបាលអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងទិវាគ្រូបង្រៀន ៥តុលា ខួបលើកទី២៥ ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» នៅក្នុងវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ
ខេត្តកណ្តាល៖ ថ្លែងនៅក្នុងទិវាគ្រូបង្រៀន ៥តុលា ខួបលើកទី២៥ ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» ដែលបានរៀបចំឡើងនៅក្នុងវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចាត់ទុកគ្រូបង្រៀន គឺជាបេះដូងនៃកំណែទម្រង់វិស័យអប់រំដើម្បីការអភិវឌ្ឍ គ្រូបង្រៀន គឺជាឆ្អឹងខ្នង នៃគុណភាពអប់រំ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ គ្រូបង្រៀន គឺជាប្រទីបបំភ្លឺលោកប្រកបដោយគតិបណ្ឌិត។
ឯកឧត្តមអភិបាលបានថ្លែងអំណរគុណ ព្រមទាំងការកោតសរសើរដោយស្មោះ និងសូមវាយតម្លៃខ្ពស់ចំពោះ លោកនាយក លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់ មិនគិតនឿយហត់ក្នុងការងារអប់រំ ផ្តល់ចំណេះដឹងដល់សិស្សានុសិស្សគ្រប់ៗរូប ពិសេសការថែទាំ និងបង្រៀនសិស្សដែលមានពិការភាពសតិបញ្ញា និងអូទីស្សឹម នៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដោយមានការអត់ធ្មត់ ប្រកបដោយក្តីស្រលាញ់ និងការតាំងចិត្តខ្ពស់បង្រៀនសិស្សពិការទាំងនេះ ព្រមទាំងថែទាំពួកគេបានយ៉ាងល្អ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សិស្សានុសិស្ស ដែលមានពិការភាពសតិបញ្ញា និងអូទីស្សឹមនេះមានការពិបាកបង្រៀនណាស់ បើប្រៀបធៀបទៅនិងសិស្សានុសិស្សពិការភាពដទៃទៀត ដែលទាមទារឱ្យមានការអត់ធ្មត់ខ្ពស់បំផុត ពីលោកគ្រូ-អ្នកគ្រូ ទើបទទួលបានជោគជ័យ ។
នាឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនសប្បុរសជន និងដៃគូអភិវឌ្ឍន៏នានា និងស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ សូមបន្តជួយគាំទ្រវិទ្យាល័យអប់រំពិសេសនេះ ដើម្បីរួមគ្នាលើកកម្ពស់ជនពិការស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការក្នុងប្រទេសរបស់យើងផងដែរ ។
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានមានប្រសាសន៍ថា វិទ្យាល័យនេះបានដើរតួនាទីសំខាន់បំផុត ក្នុងការអនុវត្តគោលនយោបាយអប់រំ បរិយាបន្ន បច្ចុប្បន្ននេះវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានចុះឈ្មោះសិស្សពិការភាពសតិបញ្ញា និងសិស្សអូទីស្សឹមបានចំនួន ២១៥នាក់ ស្រី ៥៦ នាក់ នឹងបន្តចុះ ឈ្មោះបន្ថែម១០០ នាក់ទៀតនៅពេលមានអគារគ្រប់គ្រាន់ ព្រោះថា សម្រាប់ទី១ឆមាសឆ្នាំ២០២២នេះ មានសិស្សអូទីស៊ឹមចំនួនជិត ១០០នាក់ទៀត ដែលនៅរងចាំ និងចូលរៀនជាបន្ទាន់នេះបើគិតលើអាយុកុមារពិការ ដែលអ្នកអាណាព្យាបាលសំនូមពរឱ្យពង្រីកថ្នាក់បន្ថែមទៀត ។