ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការពារ រក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សង្គម ចរាចរ នាឱកាសពិធីបុណ្យអុំទូក (ក្រុងតាខ្មៅ) រយៈពេល០២ថ្ងៃ ថ្ងៃទី២២ និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាល ក្រុងតាខ្មៅ កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដល់កងកម្លាំង និងមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អតាមមុខការរៀងៗខ្លួន ការងារដែលសំខាន់បំផុតគឺត្រូវរៀបចំពិធីនេះត្រូវសហការគ្នាឱ្យបានល្អ ទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ ត្រូវយកទឹកចិត្តទុកដាក់ខ្ពស់ដល់កីឡាករ-កីឡាការិនីប្រណាំងទូក ត្រូវរៀបចំម្ហូបអាហារ ឱ្យបានគ្រប់គ្រាន់ សមរម្យ ត្រៀមរៀបចំកន្លែងស្នាក់នៅ បង្គន់អនាម័យ និងត្រូវធ្វើការណែនាំ អប់រំដល់កីឡាករ-កីឡាការិនីប្រណាំងទូក ត្រូវគោរពនូវវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ និងត្រូវហាមឃាត់ការលក់សម្ភារៈដែលអាចបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី និងធ្វើយ៉ាងណាកុំត្រូវតែខិតខំក្នុងការដាក់កម្លាំងសម្រាប់ការងារសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងឱកាសរដូវកាលពិធីនេះ ដោយមិនត្រូវលែងដៃឡើយ ធ្វើយ៉ាងដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ មិនមាន ភាពភ័យខ្លាចពាក់ព័ន្ធទៅនឹងបញ្ហាសុវត្ថិភាពដល់ប្រជាពលរដ្ឋឡើយ ។
ឯកឧត្ដមបន្ថែមទៀតថា ចំពោះតាមបណ្ដាក្រុងស្រុកដែលមានទូកចូលរួមក្នុងពិធី ត្រូវកំណត់អតសញ្ញាណចំនុះអោយបានត្រឹមត្រូវ និងត្រូវចូលរួមសហការជាមួយគណៈកម្មការប្រណាំងទូកអោយបានខ្ជាប់ខ្ជួនផងដែរ។
បើយោងតាមរបាយការណ៍ពីគណៈកម្មការបានបញ្ជាក់ថា ក្នុងពិធីនេះមានទូកចូលរួមចំនួន ៨៣ទូក ក្នុងនោះមានទូកអុំបុរសចំនួន ៤២ទូក ទូកចែវបុរសចំនួន ៦ ទូក ទូតខ្នាតអន្តរជាតិផ្នែកបុរសចំនួន ៣២ទូក ទូតខ្នាតអន្តរជាតិផ្នែកនារីចំនួន ៣ទូក ហើយក្នុងពិធីប្រណាំងទូកនាឆ្នាំនេះ ក៏មានការប្រគំតន្ត្រី របស់សមាគមសិល្បៈករខ្មែរ និងការដាក់តាំងពិព័រណ៍លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ព្រមទាំងមានការបាញ់កាំជ្រួច យ៉ាងអស្ចារ្យជាពិសេស ផ្លែកជាងឆ្នាំមុនៗផងដែរ។
អាស្រយ័ហេតុនេះ សូមប្រជាពលរដ្ឋ ចូលរួមទស្សនា អោយបាន ច្រើនកុះករ តាមកាលបរិច្ឆេទ ខាងលើ ដើម្បីអោយ ព្រឹ្តត្តិការណ៍នេះ ប្រព្រឹត្ដ ទៅ ដោយជោគជយ័ ពិសេសត្រូវចូលរួម ថែរក្សា អានាម័យបរិស្ថាន និងប្រកាន់ខ្ជាប់វិធានការ សុវត្ថិភាព “៣កុំនិង៣ការពារ” ដើម្បីទប់ស្កាត់ ការរីករាល ជម្ងឺកូវិដ១៩ ដោយ ស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយ ភាពសប្បាយរីករាយ។