លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សូមចូលរួមសោកស្តាយរកទីបំផុតគ្មានក្នុងសោដនាកម្មលិចទូកដរ និងសូមចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះទាំង១១នាក់
កណ្តាល៖ ក្នុងរយៈពេល០២យប់ និង០៣ថ្ងៃមកនេះដោយគិតចាប់ពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការស្រាវជ្រាវសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដរស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចូលរួមសហការ ក្រោមការដឹកនាំនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានស្រាវជ្រាវរុករកជនរងគ្រោះចំនួន១៥នាក់ ស្រី០៤នាក់ ក្នុងនោះបានស្លាប់ចំនួន១១នាក់ ស្រី០៣នាក់។
ក-ជួយសង្គ្រោះបានចំនួន០៤នាក់ ស្រី០១នាក់ រួមមាន៖
១-ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរ
២-ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង
៣-ឈ្មោះ វី ចាន់បូរ៉ា ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស
៤-ឈ្មោះ សូត្រ រក្សា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
ខ-រកឃើញសាកសពចំនួន១១នាក់ ស្រី៣នាក់ មុខរបរសិស្ស រួមមាន៖
១-ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ ១៤ ឆ្នាំ
២-ឈ្មោះ ភារុំ ដាវីន ភេទប្រុស អាយុ១២ឆ្នាំ
៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ
៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ
៥-ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ
៦-ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ
៧-ឈ្មោះ ឧត្តម មុន្នី ភេទប្រុស អាយុ១៣ឆ្នាំ
៨-ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ
៩-ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១២ឆ្នាំ
១០-ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ
១១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខខេត្តកណ្ដាលបានថ្លែងថា ក្នុងនាមស្នងការ និងតាងនាមឲ្យគណៈស្នងការ រួមទាំងកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏ដូចជាក្នុងនាមប្រជាពរលដ្ឋខ្មែរ សូមចូលរួមសោកស្តាយរកទីបំផុតគ្មានក្នុងសោដនាកម្មដែលបានកើតឡើងនេះ និងសូមចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះទាំង១១នាក់ និងសូមបួងសួងឲ្យវិញាណក្ខន្ធក្មួយៗទាំង១១នាក់ បានសោយសុខក្នុងឋានសុគតិភព៕