លោកបណ្ឌិត ម៉េង សោភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ ថ្កោលទោសជនក្បត់ជាតិបីជំនាន់ ប្រមាថព្រះមហាក្សត្រ
ភ្នំពេញ៖ លោកបណ្ឌិត ម៉េង សោភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជនក្បត់ជាតិបីជំនាន់ ឈ្មោះ សម រង្ស៊ី ដែលបានប្រមាថអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ បានដឹកនាំសមាជិក សមាជិកា សម្តែងការមិនពេញចិត្តចំពោះសម្តីអសុរោះរបស់ជនជនក្បត់ជាតិ ក្បត់ព្រះមហាក្សត្របីជំនាន់ ហើយបានគាំទ្រគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយមនៅកម្ពុជា។
លោកបណ្ឌិត បានលើកឡើងនៅក្នុងសេចក្តីថ្លៃងការណ៍ថា «ក្នុងនាមយើងខ្ញុំ ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ ថា «ក្បត់ជាតិ» និង «គ្មានមនសិការស្នេហាជាតិ»។
លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានបន្តថា «ការប្រើប្រាស់សម្ដីអសុរោះមកលើអង្គព្រះមហាក្សត្រ ដែលជាស្ថាប័នកំពូលរបស់ជាតិ ពីសំណាក់ទណ្ឌិត សម រង្ស៊ី បានបង្ហាញឲ្យឃើញអំពីសារជាតិ ជាជនក្បត់ជាតិបីជំនាន់ ដែលហ៊ានពោលពាក្យប្រមាថយ៉ាងគឃ្លីន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន និងកំពុងបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមជាទីបំផុត ក្នុងឋានៈទ្រង់ជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូបនៃឯកភាពជាតិ និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ហើយក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលនេះគឺជាសារជាតិដ៏ពិសពុល ប្រកបដោយភាពទុច្ចរិតរបស់ជនក្បត់ជាតិបីជំនាន់ ដែលមិនអាចលើកលែងបានឡើយ។
«យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការច្បាប់ចំពោះការប្រព្រឹត្តល្មើសរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថលើអង្គព្រះមហាក្សត្រឲ្យបានម៉ឺងម៉ាត់ និងធ្ងន់ធ្ងរជាទីបំផុត ព្រោះទង្វើរនះពិតជាមិនអាចអត់ឱន និងទទួលយកបានឡើយ ពីសំណាក់យើងខ្ញុំទាំងអស់គ្នា និងប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន។
«ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងគូកន និងសូមយកឱកាសនេះប្ដេជ្ញាបន្តគោរពដង្ហែតាមព្រះករុណាព្រះបាទសម្ដេចព្រះបរបនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ»។
សូមរំឭកថា ប្រតិកម្មនឹងទង្វើក្បត់ជាតិ ក្បត់ព្រះមហាក្សត្ររបស់ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលចូលរួមថ្កោលទោសជនក្បត់ជាតិ ជេរប្រមាថព្រះមហាក្សត្រ។
ក្នុងឱកាសអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៣ ០០០គ្រួសារ នៅខេត្តកំពង់ឆ្នាំងសម្តេចតេជោ ប្រមុខដឹកនាំកម្ពុជា បានព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើគណបក្សនយោបាយណា ដែលមានជាប់ពាក់ព័ន្ធជាមួយជនក្បត់ជាតិបីជំនាន់ ឈ្មោះ សម រង្ស៊ី នាពេលថ្មីៗនេះ បានជេរប្រមាថព្រះមហាក្សត្រកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមានខ្សែអាត់សំឡេងនានានៃការពាក់ព័ន្ធគ្នារវាងមន្ត្រីគណបក្សភ្លើងទៀន ជាមួយក្រុមទណ្ឌិត រត់ចោលស្រុក ឈ្មោះ សម រង្ស៊ី បើទោះបីមានការចាត់ចោលសំឡេងជេរប្រមាថព្រះមហាក្សត្រខ្មែរ ព្រោះភស្តុតាងជាតម្រុយនៃការប្រព្រឹត្តខុសនឹងច្បាប់បក្សនយោបាយ កំពុងស្ថិតនៅក្នុងដៃរបស់សម្តេចរួចទៅហើយ។ ដូច្នេះ មានច្រកតែមួយគត់របស់បក្សភ្លើងទៀន អាចរួចផុតពីការមិនជាប់ពាក់ព័ន្ធក្រុមអ្នកទោស គឺត្រូវបង្ហាញឲ្យច្បាស់ តើសម្តីប្រមាថព្រះចេស្តាព្រះមហាក្សត្រជារឿងត្រឹមត្រូវទេ? ចំណែកសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីណគបក្សភ្លើងទៀន ត្រូវចេញមុខឆ្លើយតប ឬថ្កោលទោសចំពោះសម្តីប្រមាថរបស់ជនក្បត់ជាតិបីជំនាន់ ឈ្មោះ សម រង្ស៉ី៕