សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះនឹងអញ្ជើញចូលរួមជាធិបតីប្រកាសបើក ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍នេះ ក៏នឹងមានការបង្ហាញជូននូវផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទម្រង់សម្តែងដោយកម្លាំងបញ្ជាការដ្ឋានអង្គរក្សជាង ១ពាន់នាក់ ការរាំចង្វាក់រាំវង់ ឡាំលាវ ដែលជាការរំាចង្វាក់ប្រជាប្រិយខ្មែរ ដោយនារីខ្មែរប្រមាណ ៥០០នាក់ សម្ដែងក្បាច់គុនល្បុក្តតោ បាញ់កាំជ្រួចទំនើបចម្រុះពណ៌ រួមទាំងទស្សនីយភាពផ្សេងៗទៀត ដែលមានអ្នកចូលរួមសម្ដែងសរុបប្រមាណ ៣ ពាន់នាក់។
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងលើកដំបូងនៅឆ្នាំ២០១៦ ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងអត្តពលិក ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងមានលំនាំដូចនឹងការប្រកួតកីឡាស៊ីហ្គេមតែម្តង ដើម្បីពង្រឹងសមត្ថភាពគណៈកម្មការរៀបចំការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ប៉ុន្តែឆ្នាំ២០២០ ព្រឹត្តិការណ៍នេះបានខកខានរៀបចំដោយសារតែការរាតត្បាតជំងឺកូវីដ១៩៕