ពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវគណៈកម្មការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ឯកឧត្តម លោកជំទាវអនុប្រធាន ស.ស.យ.ក. តំណាងមន្ទីរជំនាញ តំណាងក្រុមហ៊ុនសហការឧបត្ថម្ភ តំណាងក្រសួងស្ថានប័ន រួមទាំងបងប្អូនសាធារណជន និងសិស្ស និស្សិតប្រមាណ ១៥០០នាក់។
ជាកិច្ចចាប់ផ្តើមឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន បានអញ្ជើញធ្វើរបាយការណ៍សង្ខេបស្ដីពីការប្រកួតពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” ដែលបានប្រព្រឹត្តិទៅយ៉ាងរលូន តាំងពីពេលចាប់ផ្ដើមរហូតដល់វគ្គផ្ដាច់ព្រ័ត្រនេះ។ ឯកឧត្តមបានបន្តថា លើកដំបូងនៃការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” នៅឆ្នាំ២០១៣ មានការចូលរួមចំនួន ០៩ ក្រុម ប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២៥នេះ គឺមានការចូលរួមរហូតដល់ ៣៥ ក្រុម ដែលនេះជាកំណត់ត្រាថ្មីសម្រាប់ការប្រកួត ក្រោមការណែនាំ និងតម្រង់ទិសដោផ្ទាល់ពីសំណាក់ឯកឧត្តមប្រធាន។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍សង្ខេបរួចមក ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀបចំ សម្របសម្រួលការប្រកួត ព្រមទាំងផ្ដល់កិច្ចសហការគាំទ្រយ៉ាងជិតស្និទ្ធរហូតមកដល់វគ្គផ្ដាច់ព្រ័ត្រ។ ឯកឧត្តម បានមានប្រសាសន៍ថា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាល្ងាចនេះ បើទោះបីភាគីណាមួយទទួលបាននូវលទ្ធផលយ៉ាងណាក៏ដោយ សូមកុំភ្លេចថាពានរង្វាន់នេះសុទ្ធតែជាចំណែករបស់យើងទាំងអស់គ្នាស្មើៗគ្នា។ កីឡាករគ្រប់រូប សុទ្ធតែបានទទួលបាននូវសមិទ្ធិផលសម្រាប់ខ្លួនឯង នោះគឺសាមគ្គីភាព និងមិត្តភាពរវាងគ្នា និងគ្នា ដែលជាមូលដ្ឋានសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអបអរសាទរដល់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលតំណាងឱ្យកម្ពុជា បានឡើងប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ហើយទទួលបានជ័យលាភីជើងឯករងផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាការវិវត្តខ្លួនមួយជំហានទៀត របស់ក្លឹបបាល់ទាត់កម្ពុជាក្នយងវិស័យកីឡាបាល់ទាត់កម្រិតតំបន់ ហើយចំណុចនេះជាអ្វីដែលយើងគួរតែមានមោទនភាព។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព/ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នា ឱ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕