នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន២៥២៥នាក់ ដែលធ្វើឡើងទីតាំងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនដងទង់ ក្នុងស្រុកដងទង់ ខេត្តកំពត ដែលជាបេសកកម្មលើកទី៩២។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត
និងអាជ្ញាធរស្រុកស្រុកដងទង់ជាច្រើនទៀត។ នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ និងព្យាបាលជំងឺទាំងអស់។ លោកជំទាវបានមានប្រសាសន៍ទៀតថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តកំពត ជាពិសេសអាជ្ញាធរស្រុកដងទង់ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូននូវអាហារសម្រន់នៅពេលព្រឹក ដែលមានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ជូនប្រជាពលរដ្ឋទទួលទានផងដែរ។ ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន២៥២៥ នាក់ រួមមាន៖ វះកាត់តូចចំនួន៥០នាក់ ពិនិត្យព្យាបាលរោគស្រ្តីចំនួន៩៥នាក់,សម្ភព និងអេកូសាស្ដ្រ
ចំនួន១៦០នាក់,ពិនិត្យព្យាបាលមាត់ធ្មេញចំនួន២៥៦នាក់,និងផ្នែកជំងឺទូទៅ ចំនួន១៩៦០នាក់ និងបញ្ជូនអ្នកជំងឺមកព្យាបាល៤នាក់។
ជាមួយគ្នានោះ ក៏មានការចែកជូននូវវែនតាដល់លោកយាយ លោកតាចំនួន៦០០នាក់ ចែកកាតាប និងសម្ភារៈដល់សិស្សានុសិស្សចំនួន៦០០នាក់,ចែករទេះរុញជនពិការចំនួន២០គ្រឿង,ចែកថង់អំណោយ(ឃីត)សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ លោកតា២០០នាក់ ដោយក្នុងថង់នោះមានសំលៀកបំពាក់,ស្បែកជើង១គូរ, សាប៊ូដុសខ្លួន១ដុំ,ថ្នាំដុសធ្មេញ១,ច្រាសដុសធ្មេញ១,ថ្នាំពេទ្យ,ប្រេងកូឡា១ដុំ និងប្រេងខ្យល់១ដប និងជូនប្រជាពលរដ្ឋ ចំនួន៣០០នាក់ ដោយក្នុងថង់នោះរួមមាន ក្រមា១,សារុង១,ស្បែកជើង១គូរ, សាប៊ូដុសខ្លួន១ដុំ,ថ្នាំដុសធ្មេញ១,ច្រាសដុសធ្មេញ១,ប្រេងកូឡា១ដុំ និងប្រេងខ្យល់១ដប៕