នាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្តាំផ្ញើដល់នាយនគរបាល និងពលនគរបាលទាំងអស់ត្រូវរួបរួមគ្នាធ្វើការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំទប់ស្កាត់ឱ្យបាននូវបទល្មើសនានា
កណ្តាល៖ លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ និង លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២នេះបានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្ដកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមន្ត្រីរាជការជាច្រើនរូបទៀត។
នាឱកាសនោះ លោក គង់ សោភ័ណ្ឌ បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញការងារនាពេលកន្លងមករបស់មន្រ្តីនគរបាលដែលទទួលបានការតែងតាំង និងបំពាក់ឋានន្តរសក្តិនាឱកាសនេះ ក៏ដូចជាមន្រ្តីនគរបាលគ្រប់ថ្នាក់ ដែលបានអនុវត្តយ៉ាងយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ការរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ជាពិសេសបានយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកអភិបាលខេត្ត បានស្នើដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈស្នងការ មន្រ្តីនគរបាលគ្រប់ផ្នែក គ្រប់ថ្នាក់ សូមបន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយមន្រ្តីដែលទទួលបានការតែងតាំង និងបំពាក់ឋានន្តរសក្តិ នាឱកាសនេះ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធរណៈដើម្បីផ្តល់ឱកាសដល់រដ្ឋបាលខេត្ត មានលទ្ធភាពក្នុងការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើនជាបន្តទៀត។
ក្នុងពិធីនេះដែរ លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានសំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងចូលរួមអបអរសាទរចំពោះកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលទទួលបានការយក ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ហើយត្រូវបានទទួលការលើកទឹកចិត្ត តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ចំពោះការខិតខំប្រឹងប្រែង ក្នុងការការពារសន្តិ សុខជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋកន្លងមក។
លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល បាន «ផ្តាំផ្ញើដល់ នាយនគរបាល និងពលនគរបាលទាំងអស់ ត្រូវរួបរួមគ្នាធ្វើការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំទប់ស្កាត់ឱ្យបាននូវបទល្មើសនានា ដូចជា ការជួញដូរគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បន្តចុះបង្ក្រាបបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្ត្រី»។
ក្នុងពិធីដ៏មានសារះសំខាន់នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនរគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាពេលនេះ រួមមាន៖ ស្នងការរងចំនួន០៩រូប នាយការិយាល័យ០៩រូប នាយរងការិយាល័យ៣៣រូប និងថ្នាក់អធិការរងចំនួន៤៩រូប និងបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ០៤រូប វរសេនីយ៍ឯក ១១រូប វរសេនីយ៍ទោ ៦៣រូប វរសេនីយ៍ត្រី១៣៤រូប អនុសេនីយ៍ឯក២រូប និងអនុសេនីយ៍ទោ២រូប៕