ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានប្រគេនអង្ករ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន១៧ ស្ថិត នៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី ដើម្បីទ្រទ្រង់នូវចង្ហាន់សម្រាប់ព្រះសង្ឃក្នុងបរិបទជំងឺកូវីដ- ១៩ នៅរសៀលថ្ងៃ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ។
អង្ករ និងបច្ច័យ ដែលឯកឧត្ដមអភិបាលខេត្តក្រចេះ យកមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តទាំង១៧នៃក្រុងក្រចេះ និងស្រុកចិត្របុរីនាពេលនេះ គឺជាអំណោយរបស់ព្រះគ្រូ សោ ភ័ណ ព្រះគ្រូចៅអធិការវត្ត ពុទ្ធគុណសិង្ហបុរី រួមនឹងប្រជាពុទ្ធបរិស័ទនៅប្រទេសសិង្ហបុរី ដែលក្នុងមួយវត្តៗប្រគេននូវអង្ករចំនួន ២៥០គីឡូក្រាម និងបច្ច័យចំនួន ១០ម៉ឺនរៀល ។ ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ថា ក្រោមការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដោយមានការគាំទ្រនិងចូលរួមពីក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ យើងអាចទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ និងឈានទៅកាត់ផ្តាច់ការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ សំដៅឆ្ពោះទៅរកការងើប ឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្តកែ ប្រែវិបត្តិជំងឺកូវីដ-១៩ ឱ្យក្លាយជាការអភិវឌ្ឍ ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក្រចេះ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លា របស់ព្រះគ្រូចៅអធិការវត្ត ពុទ្ធគុណសិង្ហបុរី និងពុទ្ធបរិស័ទទាំងអស់នៅប្រទេសសិង្ហបុរី ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខព្រះសង្ឃ ដែលកំពុងជួបការខ្វះខាតខ្សត់ខ្សោយចង្ហាន់ក្នុងវិបត្តិជំងឺកូវីដ-១៩ ។
ឯកឧត្តម ក៏បានជំរុញឱ្យបងប្អូនប្រជាពុទ្ធបរិស័ទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តន៍នូវវិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តរបស់យើង ៕