អភិបាលខេត្តកំពង់ឆ្នាំងផ្ញើលិខិតគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ
កំពង់ឆ្នាំង៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើលិខិតគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងឱកាសជ័យមង្គលចម្រើនជន្មាយុគម្រប់៦៨ ឈានចូល៦៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៧រោជ ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមលិខិតគោរពជូនពររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបណ្ដាញសារព័ត៌មាន យើងទទួលបាននៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។
នៅក្នុងលិខិតគោរពជូនពរ លោក ស៊ុន សុវណ្ណរិទ្ធិ បានឲ្យដឹងថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវការគោរព និងកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ចំពោះភក្ដីភាព និងការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងតួនាទីជាភរិយាដ៏ឧត្ដុង្គឧត្ដមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលខេត្តកំពង់ឆ្នាំងបានបន្តថា សម្ដេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិទទួលបានជោគជ័យដ៏ធំធេងត្រចះត្រចង់លើគ្រប់ដំណាក់កាលជាបន្តបន្ទាប់ក្នុងឋានៈតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា។ សម្ដេចកតិព្រឹទ្ធបណ្ឌិត បានដឹកនាំកាកបាទក្រហមកម្ពុជាសម្រេចបានជោគជ័យក្នុងបុព្វហេតុមនុស្សធម៌ជួយដោះស្រាយទុកលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ រួមទាំងទុរគតជន ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺអេដស៍ ដោយគ្មានការរើសអើង និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់នោះបានប្រសើរឡើង។
ទន្ទឹមនោះ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹក នាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង សូមគោរពជូនពរ សម្ដេចកតិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃ សុខភាពបរិបូរណ៍អាយុយឺនយូរដើម្បីដឹកនាំកាកបាលក្រហមកម្ពុជាទទួលបានជោគជ័យថ្មីៗថែមទៀត ពិសេសរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងសូមបួងសួងដល់វត្ថុស័កសិទ្ធិក្នុងលោក សូមប្រសិទ្ធភាពរជ័យ សព្វសាធុការពរ ជូនសម្ដេចកតិព្រឹត្តបណ្ឌិត និងសម្ដេចតេជោ ព្រមទាំងបុត្រាបុត្រី និងចៅជាទីស្រឡាញ់ជួបតែសេចក្ដីសុខ សុភមង្គលគ្រប់ទិវារាត្រី និងសូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕