មន្រ្តីជំនាញបានឱ្យដឹងថា អ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ចូល រួមចំណែកឱ្យវិស័យធានារ៉ាប់ រងនៅកម្ពុជាកាន់តែរីកចម្រើន ដើម្បីឱ្យប្រជាជន បានយល់អំពីគោលការណ៍ធានារ៉ាប់រង ក៏ដូចជាស្ថានភាពទូទៅនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ ថ្លែងក្នុងសិក្ខាសាលា ស្តីពី “ការចែករំលែកចំណេះដឹងជូនអ្នកសារព័ត៌មាន អំពីកិច្ចដំណើរការនៃទីផ្សារធានារ៉ាប់ រងនៅកម្ពុជា” នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា សារសំខាន់នៃធានារ៉ាប់រងត្រូវបានគេទទួលស្គាល់ជាទូទៅ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយសារវាជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដែលជួយខ្លួនផ្ទាល់ និងមនុស្សជាទីស្រឡាញ់របស់ខ្លួន ឱ្យបានរួចផុតពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលមានគ្រោះអកុសលកើតឡើង ដូចជា គ្រោះថ្នាក់ដល់ជីវិត, អគ្គិភ័យ, គ្រោះ ថ្នាក់ចរាចរណ៍ ជាដើម។
លោកបន្តថា ដោយសារតែសារសំខាន់នេះច្រើនត្រូវបានមើលរំលងដោយក្រុមគោល ដៅមួយចំនួន ជាពិសេសនៅកម្ពុជាយើង ដោយសារកត្តាជាសារវ័ន្តមួយចំនួន ដូចជា ទីផ្សារធានារ៉ាប់រងនៅមានអាយុក្មេងខ្ចី និងកង្វះការយល់ដឹងជាសាធារណៈអំពីហានិភ័យ ក៏ដូចជា មុខងារនិងអត្ថប្រយោជន៍នៃធានា រ៉ាប់រង។ បច្ចុប្បន្ន បើទោះជាយើងមានក្រុមហ៊ុនធានារ៉ាប់ រងចំនួន ៣៨ ក្រុមហ៊ុន កំពុងធ្វើអាជីវកម្មធានារ៉ាប់រងនៅកម្ពុជាក៏ដោយ ក៏ទីផ្សារធានា រ៉ាប់រងយើងនៅមានទំហំតូចនៅឡើយ មានន័យថា ប្រជា ពលរដ្ឋកម្ពុជាជាច្រើនពុំមានធានារ៉ាប់រងដើម្បីការពារស្ថាន ភាពហិរញ្ញវត្ថុដែលប៉ះពាល់ដោយការកើតឡើងនូវហានិភ័យផ្សេងៗនោះទេ ក្នុងន័យម៉្យាងទៀតការកើតឡើងនូវហានិភ័យដែលគ្មានការធានាទាំងនោះ បានធ្វើឱ្យប្រជាពល រដ្ឋរងគ្រោះ ឬក្រុមគ្រួសាររបស់គេ ជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។ លោកបន្ថែមថា ដើម្បីដោះ ស្រាយបញ្ហាចំពោះមុខក្នុងការលើកកម្ពស់ចំណេះដឹងសាធារណៈអំពីធានារ៉ាប់រង, និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា គឺបណ្តាញសារព័ត៌ មាន ត្រូវចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងកម្ពុជាឱ្យកាន់តែទូលាយបន្ថែមទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ក៏បានមានប្រសាសន៍ដែរថា ការចែករំលែកចំណេះដឹងជូនអ្នកសារ ព័ត៌មានអំពីកិច្ចដំណើរការនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជានេះ ក្នុងគោលបំណងជំរុញលើកកម្ពស់ចំណេះដឹង និងបញ្ជាក់មុខងាររបស់សារព័ត៌ មាននៅក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា។ ឯកឧត្តមបន្ដថា ការបញ្ជ្រាបចំណេះដឹងដល់សាធារណជនអំពីសេវាធានារ៉ាប់រងនិងអត្ថប្រយោជន៍នៃការធានារ៉ាប់រងគឺជាកត្តាគន្លឹះក្នុងការជំរុញកំណើននៃការប្រើប្រាស់សេវាធានារ៉ាប់រងឱ្យកាន់តែទូលំ ទូលាយដូចបណ្ដាប្រទេសជឿនលឿនលើសកលលោក ហេតុនេះអ្នកសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ ណាស់ជាស្ពានចម្លងចំណេះ ដឹងអំពីសេវាធានារ៉ាប់រង ពីទីផ្សារធានារ៉ាប់រង ទៅកាន់សាធារណជនគ្រប់រូប។ សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៨ ក្រុមហ៊ុន កំពុងធ្វើអាជីវកម្មធានារ៉ាប់រង ហើយមានទំហំទីផ្សារបុព្វលាភធានារ៉ាប់រងប្រមាណ៣០០ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២១៕