សកម្មភាពដឹកជញ្ជូនឈើពីស្រុកយួនតាមច្រកង៉ាំអូរជុំ ស្រុកកែវសីមាកើតឡើងពេញបន្ទុកសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើតាមច្រករបៀងនៅក្បែរៗច្រកព្រំដែនទ្វេភាគីឡាប៉ាខេ នៅតែកើតឡើងយ៉ាងរាលដាល ព្រោះមានការបើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ។ មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកកែវសីមា មិនបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន តាមច្រកង៉ាំអូរជុំ និងច្រកផ្សេងទៀតនោះទេ។ សូម្បីតែលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏មិនទាន់ចាត់វិធានការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើទៅស្រុកយួន តាមប៉ុស្តិ៍ច្រករបៀង ក្នុងស្រុកកែវសីមា នោះដែរ។ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួន តាមច្រកង៉ាំអូរជុំ (ប៉ុស្តិ៍នគរបាលច្រកព្រំដែនអូរជុំ) កើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ដោយសារមានការឃុបឃិតពីមន្ត្រីជំនាញ និងសមត្ថកិច្ចការពារព្រំដែនក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ទើបឈ្មួញអាចដឹកជញ្ជូនឈើតាមម៉ូតូកែច្នៃចេញទៅស្រុកយួន តាមច្រកប៉ុស្តិ៍អូរជុំ យ៉ាងរលូន។ សូម្បីតែលោក សា ផល្លា មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោលលេខ621 ឡាប៉ាខេ ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា ការដឹកជញ្ជូនឈើទៅស្រុកយួន តាមច្រកង៉ាំយូលិត គឺគ្មានទេ បើនៅច្រកង៉ាំអូរជុំ ប្រាកដជាមាន។
មជ្ឈដ្ឋាននានាបានអំពាវនាវឲ្យលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើក្នុងស្រុកកែវសីមាជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព។ ដោយហេតុថាបច្ចុប្បន្នសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកង៉ាំអូរជុំ កើតឡើងយ៉ាងអនាធិបតេយ្យដោយគ្មានមន្ត្រីជំនាញ និងសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបនោះទេ។ ផ្ទុយទៅវិញមន្ត្រីជំនាញ និងសមត្ថកិច្ចក្នុងស្រុកកែវសីមា សម្ងំទទួលផលប្រយោជន៍ហើយបណ្តោយឲ្យឈ្មួញដឹកជញ្ជូនឈើតាមម៉ូតូកែច្នៃពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ចេញទៅស្រុកយួន តាមច្រកប៉ុស្តិ៍ង៉ាំអូរ។