ថ្នាក់ដឹកនាំខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជការអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៧ ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ យុវសិស្សចំនួន ១១ នាក់ នៅវត្តកំពង់ភ្នំក្នុង ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល
ខេត្តកណ្ដាល៖ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរស្រុកលើកដែក និងមន្ត្រីរាជការជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ៧ ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ដល់យុវសិស្សចំនួន ១១ នាក់ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកចម្លងទទឹង កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២កន្លទៅ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកនូវមហាទុក្ខដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាននេះ។
ឯកឧត្តម បន្តថា គ្មានទុក្ខណា និងការសោកស្ដាយណាធំជាងការបាត់បង់នូវសាច់ញាតិជាទីស្រឡាញ់របស់យើងទាំងអស់គ្នាឡើយ ហើយបើទោះបីជាអស់រយ:ពេល ០៧ ថ្ងៃកន្លងផុតទៅហើយក្តី ក៏ប៉ុន្តែអារម្មណ៍ នៅតែនឹកស្រណោះដល់ក្មួយៗ ភាពតក់ស្លុត រន្ធត់ចិត្តឥតឧបមា ប្រកបដោយសោកសង្រេង និងសោកស្តាយរកទីបំផុតគ្មាន សម្រាប់ឪពុកម្ដាយ និងក្រុមគ្រួសារទាំងមូល ដែលត្រូវបាត់បង់កូន បងប្អូន ឬចៅជាទីស្រលាញ់ ក្នុងអំឡុងពេលវិលត្រឡប់ពីសាលារៀនវិញ។
ឯកឧត្តម ក៏បានសំណូមពរដល់គ្រួសារយុវសិស្សទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ និងសូមកាត់ចិត្ត ព្រោះក្មួយៗទាំងអស់ទៅបានសុខហើយ។
ក្នុងនោះដែរថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការទាំងអស់ បានបួងសួងដល់ដួងវិញ្ញណក្ខ័ន្ធ សពក្មួយៗ បានឆាប់យោនយោគកំណើតក្នុងសុគតិភព កុំបីឃ្លៀង ឃ្លាតឡើយ៕