លោក បណ្ឌិត កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ឋផលការងារ និងលើកទិសដៅអនុវត្តការងារបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល (ស.ស.យ.ក)
ខេត្តកណ្ដាល ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារ និងលើកទិសដៅអនុវត្តការងារបន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល កាលរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធាន ស.ស.យ.ក ខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់រូបក្នុងការបំពេញបេសកកម្ម និងសកម្មភាពសង្គមនានាក្នុងខេត្ត កាលពីពេលកន្លងមកដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុសង្គមជាតិ ដែលបានបង្ហាញយ៉ាងច្បាស់ពីតួនាទីយ៉ាងសំខាន់របស់យុវជនក្នុងដំណើរការប្រព្រឹត្តទៅក្នុងសង្គម និងការអភិវឌ្ឍនានាលើគ្រប់វិស័យក្នុងប្រទេស។
ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់ ដើម្បីត្រួតពិនិត្យវឌ្ឍនៈភាពការងារ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក បានអនុវត្តកន្លងមក ក៏ដូចជាកំណត់អាទិភាព និងលើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ផ្សាភ្ជាប់ផែនការការងារឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ជាពិសេសគឺដើម្បីពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារ ស.ស.យ.ក ខេត្តកណ្តាលទាំងមូល។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ស.ស.យ.ក ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ ត្រូវរៀបចំនូវយន្តការច្បាស់លាស់ក្នុងការពង្រឹង និងពង្រីករចនាសម្ព័ន្ធរបស់ខ្លួន ស.ស.យ.ក ដើម្បីពង្រីកបន្ថែមនូវកម្លាំងយុវជនដែលជាចលករសំខាន់ក្នុងការចូលរួមគាំទ្រ រាជរដ្ឋាភិបាលក្នុងការឆ្លើយតបជាក់ស្តែងទៅនឹងតម្រូវការសង្គម និងការវិវត្តរបស់ប្រទេសជាតិ ត្រូវខិតខំកៀរគរយុវជនតាមរយៈការដាក់ចេញជាចក្ខុវិស័យ និងទិសដៅការងារច្បាស់លាស់ប្រកបដោយភាពបត់បែនខ្ពស់ ទាក់ទាញ ច្នៃប្រឌិត ជាមួយនឹងការដឹកនាំ និងសាមគ្គីភាពជាធ្លុងមួយ សំដៅជំរុញការអភិវឌ្ឍសមត្ថភាពយុវជន ចូលរួមសកម្មភាពសង្គមនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ស.ស.យ.ក ខេត្តកណ្ដាល បានរៀបចំរចនាសម្ព័ន្ធថ្នាក់ ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ គ្រឹះស្ថានសិក្សា និងវិស័យនានាមានចំនួនសរុប ១០១៤៨ នាក់ ស្រី ៤០៣៦ នាក់។
សម្រាប់ទិសដៅបន្ត ស.ស.យ.ក ខេត្ត នឹងបន្តកសាងកម្លាំងបន្ថែមនៅតាមមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ។ បន្តបំផុសចលនាបរិច្ចាគឈាមឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីជួយដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមដែលកំពុងតែមានការខ្វះខាត។ បន្តចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងលើកស្ទួយវិស័យកីឡាដើម្បីលើកកម្ពស់សុខុមាលភាពយុវជន ក្នុងមូលដ្ឋាន។ បន្តចែកអំណោយនៃក្តីស្រឡាញ់ជូនដល់ប្រជាពលរដ្ឋដែលក្រីក្រគ្មានទីពឹងក្នុងខេត្ត។ បន្តចូលរួមក្នុងសកម្មភាពបរិស្ថាន ចូលរួមសម្របសម្រួលការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមមូលដ្ឋាន និងបន្តចូលរួមយុទ្ធនាការពលរដ្ឋល្អ។