រាជធានីភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តំណាងឲ្យទូរទស្សន៍ខេត្តយូណាន បាននាំយកនូវអំណោយជា ម៉ាស របាំងមុខ និងថ្នាំបុរាណចិន មកជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ដើម្បីជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលលម្ពុជា តាមរយៈក្រសួងព័ត៌មាន ។
ឆ្លៀតនៅក្នុងឱកាសនោះ លោក HUANG JIANG បានគោរពថ្លែងអំណរគុណចំពោះ ក្រសួងព័ត៌មាន កម្ពុជា ពិសេស ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងថ្នាក់ដឹកនាំទូរទស្សន៏ជាតិកម្ពុជា ដែលបានធ្វើកិច្ចសហការយ៉ាងល្អ ដើម្បីធ្វើអោយក្រុមហ៊ុន យូណាន់ ប្រទេស បានដំណើរការដោយរលូន តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន ។
ជាមួយនេះលោកប្រធានក្រុមហ៊ុន បានជម្រាបជូនពីគម្រោងការងារសំខាន់ៗមួយចំនួន ដែលចង់បន្តធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា រួមមានគម្រោងប្រពន្ធ័ 5G ក្នុងវិស័យទូរទស្សន៏ និងទូរគមនាគមន៏ គម្រោង ប្រពន្ធ័ OTT គម្រោងសាងសង់អគារមជ្ឍមណ្ឌលព័ត៌មានមេគង្គ ឡាង ឆាន គម្រោងថ្នាលទូរទស្សន៍ជាតិ និងគម្រោងការថតផ្សាយ ទូរទស្សន៍ប្រភេទ HD 4K HK សម្រាប់ដំណើរការកម្មវិធី កីឡាសុីហ្គេម នៅកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាងមុខ។ ទាក់ទងបញ្ហានេះ ខាងក្រុមហ៊ុនយូណាន់ ស្នើសុំអោយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជួយជម្រុញអោយមានកិច្ចសហការជាមួយផ្នែកពាក់ពន្ធ័របស់កម្ពុជា ដើម្បីអាចអោយក្រុមហ៊ុន ធ្វើបទបង្ហាញជូន ពីអ្វីដែលក្រុមហ៊ុន មានក្នុងកិច្ចការថត យករូបភាព នៃទិដ្ឋភាពកីឡាសុីហ្គេម ក៏ដូចជាកីឡាផ្សេងៗទៀត។
សម្រាប់កិច្ចការងារនេះ ឯកឧត្តម ខៀវ កាញារីទ្ធ នឹងជម្រាបទៅ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងជាអនុប្រធានអចិន្ត្រៃយ៏ គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ CAMSOC ដើម្បីអាចអោយក្រុមហ៊ុន យូណាន់ បានទៅជួប និងពិភាក្សាគ្នា លើជំនាញ ថត ផ្សព្វផ្សាយ នេះ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណចំពោះលោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី តំណាងឲ្យទូរទស្សន៍ខេត្តយូណាន ដែលបានជួយឧបត្ថម្ភម៉ាស ចំនួន ១៥.០០០ម៉ាស របាំងមុខចំនួន ៤០០ ព្រមទាំងថ្នាំចិន LIAN HUA QINGWEN ចំនួន ២០០ប្រអប់ ដើម្បីចែកជូនមន្ត្រីរាជការក្រសួងព័ត៌មាន ៕