ខេត្តពោធិ៍សាត់ ៖ សហគ្រាស TK&D បានបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាសនិងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។
សហគ្រាសនេះត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។
បើតាមលោកជំទាវ ទិត សុខុម ស្ថាបនិកសហគ្រាសTK & D បានឱ្យដឹងថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួនបានយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាពអនាម័យនិងបរិស្ថាន និងដោយមានទឹកចិត្តស្រលាញ់ជាតិផងនោះ ទើបក្រុមការងាររបស់លោកជំទាវ បានបង្កើតសហគ្រាសនេះឡើងដើម្បីការពារបរិស្ថាននិងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជានិយាយជារួមនិងនិយាយដោយឡែកសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ឱ្យមានការរីកចម្រើនក្រោមដំបូលសុខសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោកជំទាវបន្ថែមថា សហគ្រាសTK & D នឹងធ្វើការផលិតកែវក្រដាសនិងបំពង់បឺតធ្វើពីម្សៅអង្ករ ម្សៅពោត និងម្សៅដំឡូង ដែលអាចពិសាបាន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយមិនប្រើសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាពនិងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិក បង្កើតភាពបៃតងនៅកម្ពុជា។ លោកជំទាវបានបន្តថា សហគ្រាសនេះដែរបានសហការគ្នាចូលរួមបណ្តាក់ទុនវិនិយោគលើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដីប្រមាណជាង២ហិកតាក្នុងភូមិតាកែវក្រោមឃុំបឹងកន្ទួតស្រុកក្រគរខេត្តពោធិ៍សាត់ដែលអាចស្រូបយកនូវទីផ្សារពលកម្មជូនបងប្អូនប្រជាពលរដ្ឋយើងបានប្រមាណជាង១០០នាក់។ ក្នុងឱកាសអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនិងពិនិត្យមើលដំណើរការខ្សែចង្វាក់សហគ្រាសTK & Dនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការវិនិយោគនេះ និងសូមស្នើដល់សហគ្រាសឱ្យទទួលទិញផលិតផលដើមដែលបងប្អូនប្រជាកសិករក្នុងខេត្តធ្វើការដាំដុះនិងប្រមូលផលបានសម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូងនេះ។
ជាមួយគ្នានោះ ឯកឧត្តមសូមឱ្យសហគ្រាសនេះទទួលបានការគាំទ្រពីសំណាក់អតិថិជនបានកាន់តែច្រើនឡើងក្នុងចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចក្នុងខេត្តក៏ដូចសេដ្ឋកិច្ចកម្ពុជាយើងឱ្យបានការទទួលស្គាល់ពីឆាកអន្តរជាតិ៕