(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យ លោកជំទាវ ថេរេសា អំម៉ារែល ប៊ូអិ (Teresa Amarelle Boue) ប្រធានសហ័ន្ធនារីនៃសាធារណរដ្ឋគុយបា និងជាសមាជិកនៃការិយាល័យនយោបាយ និងក្រុមប្រឹក្សារដ្ឋ ដឹកនាំគណប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ថេរេសា អំម៉ារែល ប៊ូអិ បានថ្លែងកោតសសើរចំពោះការអភិវឌ្ឍន៍យ៉ាង ឆាប់រហ័សរបស់ព្រះជាណាចក្រកម្ពជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងពាំនាំនូវការសាកសួរសុខទុកពីសំណាក់បក្ស និងរដ្ឋាភិបាលគុយបា ជូនចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសេចក្តីនឹករលឹក។
ក្នុងជំនួបនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវ ថេរេសា អំម៉ារែល ប៊ូអិ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះ ភាពល្អប្រសើរនៃចំណងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៦៣ឆ្នាំ កន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យ ទំនាក់ទំនងមិត្តភាព ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ សហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-គុយបា ត្រូវបាន ពង្រឹងពង្រីកកាន់តែល្អប្រសើរថែមទៀត។ ជាពិសេស ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងនារីកម្ពុជា និង នារីគុយបា តាមរយៈ ការធ្វើទស្សនកិច្ចផ្សេងៗ និងការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនពរឲ្យគណប្រតិភូសាធារណរដ្ឋគុយបា ចំពោះទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងជូនពរដល់ប្រតិភូស្នាក់នៅប្រកបដោយផាសុខភាព និងត្រលប់ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព៕