ខេត្តកណ្ដាល៖ គម្រោងអភិវឌ្ឍន៍នានាជាច្រើន ដែលជាតម្រូវការចាំបាច់ ជាក់ស្តែង ក្នុងមូលដ្ឋានស្រុកពញាឮ ត្រូវបានស្នើឡើងនៅក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ-ស្រុក ឆ្នាំ២០២៤-២០២៧ នៅថ្នាក់ស្រុកពញាឮ ដើម្បីកៀរគរធនធានពីប្រភពនានាសម្រាប់គាំទ្រដល់គម្រោងវិនិយោគទាំងនោះនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកពញាឮ ក្រោមអធិបតី ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល។
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ សិក្ខាសាលាសមាហរណកម្មនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះសិក្ខាសាលានេះនឹងធ្វើអោយមានការសម្របសម្រួលមួយ រវាងគម្រោងនានានៃកម្មវិធីវិនិយោគរបស់រដ្ឋបាលស្រុក-ឃុំ ដែលបង្កើតឱ្យមានកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងគ្រប់ភាគីពាក់ព័ន្ធនានាកាន់តែប្រសើឡើង។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា៖ សិក្ខាសាលានេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ក្រុមប្រឹក្សាស្រុក និងឃុំ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់រដ្ឋបាលស្រុក និងឃុំទាំង១១ នៃស្រុកពញាឮ ត្រូវខិតខំអនុវត្តគម្រោងរបស់ខ្លួនតាមលទ្ធភាព និងធនធានរបស់ស្ថាប័ន មន្ទីរពាក់ព័ន្ធ សង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រគំរោងនៅតាមឃុំទាំងនោះបានប្រកបដោយជោគជ័យ។ ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការក្រើនរំលឹកថា ដើម្បីឱ្យសិក្ខាសាលាទទួលបានលទ្ធផលល្អប្រសើរ រដ្ឋបាលស្រុក និងឃុំទាំងអស់ត្រូវរៀបចំឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា លើគម្រោងជាអាទិភាព ដោយឆ្លុះបញ្ចាំងឱ្យបានច្បាស់លាស់អំពីតំរូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ គ្រប់មន្ទីរអង្គភាព ត្រូវត្រួតពិនិត្យមើលយន្តការក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់ខ្លួន ដើម្បីធ្វើការគាំលើទ្រគម្រោងដែលជាតម្រូវការរបស់ប្រជាពលរដ្ឋបានចំគោលដៅ។
ឯកឧត្តមអភិបាលរងខេត្ត បានឱ្យដឹងថា គម្រោងស្នើឡើងទូទាំងខេត្តឆ្នាំ២០២៣សម្រាប់អនុវត្តឆ្នាំ ២០២៤ មាន៣.៩២៨ គម្រោង មាន ៧វិស័យ រួមមាន: វិស័យកសិកម្ម ៣៥៧ វិស័យអាជីវកម្ម ៥១៨ គម្រោង វិស័យវិស័យអប់រំ ៤៤៣គម្រោង វិស័យសុខភាព ៩២៧គម្រោង វិស័យភាពងាយរងគ្រោះ ១៧៩ គម្រោង វិស័យបរិស្ថាន ៦១៩ គម្រោង និងវិស័យរដ្ឋបាលនិង សន្តិសុខ ៨៨៥ គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២.៥៧៨ គម្រោង ស្មើ ៦៦ ភាគរយ។ ដោយឡែកក្រុង អរិយក្សត្រ គម្រោងស្នើឡើងទាំង៧វិស័យសរុប ២៩៩ គម្រោង រួមមាន៖ វិស័យកសិកម្ម ២៤ គម្រោង វិស័យអាជីវកម្ម ៤០ គម្រោង វិស័យវិស័យអប់រំ ២៥ គម្រោងវិស័យសុខភាព ៧៤ គម្រោង វិស័យភាពងាយរងគ្រោះ ២០ គម្រោង វិស័យបរិស្ថាន ៥៣ គម្រោង វិស័យរដ្ឋបាល និងសន្តិសុខ ៦៣ គម្រោង ការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២២១ គម្រោង ស្មើ ៧៤ ភាគរយ។
សូមបញ្ចាក់ថា ក្នុងសិក្ខាសាលាសមាហរណកម្មនេះ ស្រុករដ្ឋបាលស្រុកពញាឮ បានលើកឡើង ៨៦គម្រោង ទទួលបានការគាំទ្រ ចំនួន ៨គម្រោង ស្មើ៥,៨ភាគរយ និងរដ្ឋបាលឃុំទាំង១១ បានលើកឡើង ៣២០គម្រោង ទទួលបានការគាំទ្រ ចំនួន ១៩០គម្រោង ស្មើ៥៩,៣៧ភាគរយ។