នាព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ឆ្នាំ២០២៤ ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការវរសេនាតូចចល័ត និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំង សាច់ញាតិ ក្រុមគ្រួសារ បងប្អូន របស់យោធិន ជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងជូនពរ របស់ លោកនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជូនដល់ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ទាំងអស់ សូមឲ្យទទួលបានជោគជ័យគ្រប់គ្នា។ លោកឧត្តមសេនីយ៍ឯក ក៏បានផ្ដាំផ្ញើដល់ប្អូនៗ យោធិន នៃកងរាជអាវុធហត្ថ ដែលបានប្រឡងជាប់ជាស្ថាពរ នៅពេលដែលចូលទៅសាលាហ្វឹកហ្វឺន ត្រូវប្រឹងប្រែង រៀនសូត្រ គ្រប់មុខវិជ្ជាឱ្យបានល្អប្រសើរ ជំនះឲ្យបានគ្រប់ឧបសគ្គ ជៀសឆ្ងាយពី អំពើអបាយមុខគ្រប់ប្រភេទ ជាពិសេសជៀសឆ្ងាយពី គ្រឿងញៀន ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីនាពេលអនាគត ដោយត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសចូលរួមការពារសន្តិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ និងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អភិបាលរង បានថ្លែងថា ក្នុងនាម ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដែលបានរៀបចំការប្រឡងជ្រើសរើស យោធិនកងរាជអាវុធហត្ថ ប្រកបដោយតម្លាភាព និងយុត្តិធម៌ នាពេលកន្លងមកនេះ។ ទន្ទឹមនេះ ឯកឧត្តម អភិបាលរង ក៏សូមថ្លែងអំណរគុណចំពោះ មាតា បិតា អាណាព្យាបាល ដែលបានអនុញ្ញាតឱ្យកូនៗ ចូលបម្រើក្នុង កងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិមាតុភូមិ។
ក្រោយពីសំណេះសំណាលរួច ឯកឧត្តម អភិបាលរង ក៏បាននាំយកថវិការបស់ រដ្ឋបាលរាជធានីភ្នំពេញ ឧបត្ថម្ភដល់ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល និង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឧបត្ថម្ភ ក្នុងម្នាក់ៗ ទទួលបាន មី ០១កេស, ទឹកសុទ្ធ ០២កេស, ក្រមា ០១ ព្រមទាំងអាហារថ្ងៃត្រង់ ០១ប្រអប់ សម្រាប់ពេលធ្វើដំណើរផងដែរ៕