រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់ និងថែរក្សាសុខភាព ចាប់ពីថ្ងៃទី ០៤ ដល់ ១០ ខែសីហា ឆ្នាំ២០២១ ដើម្បីបញ្ចៀសផលប៉ះពាល់នានា ដែលកើតមានឡើងជាយថាហេតុ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើតនិងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម ។ ជាមួយគ្នានោះ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៤ទៅ២៦°C និងសីតុណ្ហភាពអតិបរមា មានពី ៣២ទៅ៣៤°C ហើយបណ្តាខេត្តនៅភាគពាយ័ព្យ និងភាគខាងត្បូង អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និងបណ្តាខេត្តដទៃទៀត អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣ទៅ២៥°C និងសីតុណ្ហភាពអតិបរមា មានពី ៣០ទៅ៣២°C ហើយអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣ទៅ២៥°C និងសីតុណ្ហភាពអតិបរមា មានពី ៣០ទៅ៣២°C ហើយអាចនឹងមាន ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង លាយឡំខ្យល់បក់ខ្លាំង នឹងរលកសមុទ្រខ្ពស់ ។
ផ្អែកតាមស្ថានភាពបែបនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវ ដល់សាធារណជនត្រូវប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាស ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ៕