ខេត្តតាកែវ ៖ បន្ទាប់ពីរដ្ឋបាលខេត្តតាកែវ បានចេញបំរាមគោចារដោយហាមឃាត់ ការធ្វើដំណើរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទាបភ្លឺនៅក្នុងភូមិសាស្រ្ត រយៈពេល៥ថ្ងៃមកនេះ នៅយប់ថ្ងៃចន្ទ ទី ២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរនៅមូលដ្ឋានស្រុកត្រាំកក់ ស្រុកបាទី ស្រុកសំរោង និងស្រុកព្រៃកប្បាស ក្នុងភូមិសាស្ត្រខេត្តតាកែវ។
ឯកឧត្តមអភិបាលខេត្ត នៅក្នុងឱកាសចុះពិនិត្យមើលអំពីស្ថានភាពការអនុវត្តបំរាមគោចារនោះដែរ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវបំរាមគោចរ ជាពិសេសគឺអនុវត្តនូវវិធានការរដ្ឋបាល ដែលបានដាក់ចេញដោយរដ្ឋបាលខេត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់បំផុត ហើយត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តទាំងអស់គ្នា ធ្វើយ៉ាងណាទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទដែលតា DELTA មកក្នុងសហគមន៍
។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា នៅក្នុងអំឡុងពេលនៃការអនុវត្តបំរាមគោចារនេះដែរ សមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តឱ្យបានដោយមិនត្រូវមានការយោគយល់អ្វីឡើយ ព្រោះជំងឺកូវីដ១៩ កំពុងតែឆ្លងរាលដាលមិនធូរស្បើយសោះ ពិសេសមេរោគបំលែងថ្មីប្រភេទដែលតា ដែលកំពុងតែមានវត្តមាននៅខេត្តមួយចំនួននៃប្រទេសកម្ពុជា។
ដូច្នោះដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគប្រភេទដែលតានេះ កុំអោយឆ្លងនៅក្នុងមូលដ្ឋានខេត្តតាកែវ សូមសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បន្តអប់រំណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋឱ្យរួមគ្នាអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនវត្ត៣កុំ៣ការពាររបស់សម្តេចតេជោ ដើម្បីសហគមន៍របស់យើងគ្មានការឆ្លងថ្មីនូវជំងឺកូវីដ១៩ ៕