រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតត្រូវរៀបចំចាត់ចែងសម្អាតអនាម័យ បរិស្ថាននៅក្នុង សាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បន្ទាប់ពីសិស្សានុសិស្សខកខានមិនបានមករៀន ដោយសារការរីករាលដាល ជំងឺកូវីដ-១៩ ។
ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាល ពីល្ងាចថ្ងៃទី០១ ខែកញ្ញា នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំបើកសាលា រៀនឱ្យដំណើរការឡើងវិញ ក្រោយពីជំងឺកូវីដ-១៩បានធូរស្បើយ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះស្ថានភាព ជំងឺកូវីដ-១៩ បានថមថយហើយ យើងអាចបើកសាលារៀនឱ្យសិស្សានុសិស្សបានចូល រៀនវិញ ហើយពិសេសនៅកន្លែងដែលមានហានិភ័យទាប។ ឯកឧត្តមជំរុញឱ្យអាជ្ញាធរ អាជ្ញា ធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារចុះសម្អាតអនាម័យ បរិស្ថាន ជាមួយ នឹងការ បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងសាលាឱ្យបានស្អាត។ បន្ថែមពីនេះទៀត រដ្ឋបាល រាជធានីភ្នំពេញនឹងសុំអន្តរាគមន៍ពីកងទ័ព ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាបន្ថែម ទៀត នៅពេលយើងធ្វើពិធីបើកសាលាឱ្យចូលរៀនឡើងវិញ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សាលារៀនមួយចំនួនត្រូវបានរដ្ឋបាលរាជ ធានីភ្នំពេញ និងក្រសួងសុខាភិបាល យកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និង ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩។ ឯកឧត្តមបន្តថា អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ៕