(ព្រះវិហារ)៖ សង្វៀនបញ្ជល់មាន់និងអាប៉ោង លំដាប់VIP ដ៏ធំ១កន្លែង នៅក្នុងចម្ការស្វាយចន្ទី ចន្លោះគីឡូម៉ែត្រ លេខ៥៥-៥៦ ស្ថិតនៅភូមិអូរពោរ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កំពុងបើកដំណើរការ អាជីវកម្ម លេងល្បែងស៊ីសងខុសច្បាប់ យ៉ាងពេញបន្ទុក.!។
ខណៈសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជា ស្រវាំងភ្នែក ងាប់ត្រចៀកស្ដូក មើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពទាំងនេះ!។
បង្កជាលក្ខណៈងាយស្រួល និងមានសុវត្ថិភាព ដល់ក្រុមអ្នកញៀនល្បែង ក៏ដូចជាម្ចាស់ទីតាំងផ្ទាល់.!។
ករណីនេះ អាជ្ញាធរនិងជំនាញ រុញឱ្យអ្នកកាសែត ចុះទៅបង្ក្រាបល្បែងជាមុនសិន ទើបសមត្ថកិច្ច សហការតាមក្រោយ..!។
ជាក់ស្ដែងៈ នៅវេលាថ្ងៃត្រង់ក្នុងថ្ងៃទី០២.០៧.២០២២ គេឃើញក្រុមអ្នកញៀនល្បែង មកពីភូមិ-ឃុំ ដែលនៅក្បែរ និងមកពីតាមបណ្ដាស្រុកផ្សេងៗ។
បានធ្វើដំណើរប្រសេកប្រសាច តាមដងផ្លូវ ខ្លះជិៈម៉ូតូឌុបគ្នា ស្ពាយកន្ត្រកមាន់ជល់ ខ្លះទៀតជិៈរថយន្តសេរីទំនើបៗ ដឹកមនុស្សរួមនិងកន្ត្រកមាន់ជល់មកជាមួយ.!។
ដើម្បីមកប្រមូលផ្ដុំគ្នា យ៉ាងច្រើនណែនណាន់តាន់តាប់ នៅទីតាំង”សង្វៀនបញ្ជល់មាន់និងអាប៉ោង”ក្នុងចម្ការស្វាយចន្ទី ចន្លោះគីឡូម៉ែត្រ លេខ៥៥-៥៦ ស្ថិតនៅភូមិអូរពោរ ឃុំរមណីយ ស្រុករវៀង យ៉ាងអនាធិបតេយ្យបំផុត! ។
ព្រោះចំ(ថ្ងៃអាទិត្យ)ដែលជាថ្ងៃគូណាត់ពិសេស ភ្នាល់ចាក់លុយធំៗ..!។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថាៈ”សង្វៀនបញ្ជល់មាន់និងអាប៉ោង”លំដាប់VIPខាងលើ.!។
បានចាប់ផ្ដើម បើកដំណើរការ ជាយូរមកហើយ ដោយក្នុង១សប្ដាហ៍លេង០៤ថ្ងៃ.!។
ក្នុងនោះ ពួកគេបើកលេងចល័ត ចំនួន២ទីតាំងក្បែរគ្នា ក្នុងមូលដ្ឋាន ភូមិអូរពោរ ឃុំរមណីយ ស្រុករវៀង ដដែលទេ..!។
ជាក់ស្ដែងៈទីតាំងទី១ៈ ត្រង់ចំណុចក្នុងចម្ការស្វាយចន្ទី គីឡូម៉ែត្រ លេខ៥៥-៥៦ ស្ថិតនៅភូមិ-ឃុំខាងលើ..!។
២ៈ ក្នុងចម្ការស្វាយចន្ទី.ខាងលិចផ្លូវចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ស្ថិតនៅភូមិ-ឃុំខាងលើ..!។
យ៉ាងណាក្ដី នៅរសៀលថ្ងៃទី០២.០៧.២០២៣ គេសង្កេតឃើញក្រុមអ្នកញៀនល្បែងដែលឈ្នះ បានហ៊ោរកញ្ច្រៀវ សប្បាយយ៉ាងទ្រហឹងអឺងកង ខណៈអ្នកចាញ់មុខក្រៀមក្រំ ប្រឈមឈ្លោះប្រពន្ធកូន នឹងជំពាក់បំណុលគេ..! ។
បើតាមអ្នកញៀនល្បែងបាននិយាយថាៈ”សង្វៀនបញ្ជល់មាន់និងអាប៉ោង”ខ្នាតធំត្រង់ចំណុចខាងលើ គឺលេងភ្នាល់ចាក់លុយធំៗណាស់.!។
ដោយមាន់ជល់១គូៗ ពួកគេភ្នាល់ចាក់លុយ ចាប់ពី១០លានរៀល ទៅ៤០.រៀលឯណោះ!។
ចំពោះអាប៉ោងវិញ ពួកគេ ភ្នាល់ចាក់លុយចាប់ពី ២លានរៀល ទៅ៤០លានរៀល ក្នុងមួយគ្របៗ!។
ជាហេតុនាំឱ្យម្ចាស់ទីតាំង អាចប្រមូលលុយពីការ”ដកតុងហាន់សាវ”បានរាប់សិបលានរៀលក្នុងមួយថ្ងៃៗ សម្រាប់យកមករត់ការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធបានយ៉ាងងាយស្រួល..!។
ជុំវិញករណីនេះ លោក ព្រុំ ស៊ីថា អធិការរងស្រុករវៀង ទទួលផែនព្រហ្មទណ្ឌ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី០២.០៧.២០២៣ថា លោកមិនបានដឹងទេ…!ប៉ុន្តែលោក ព្រុំ ស៊ីថា រុញឱ្យអ្នកសារព័ត៌មាន ទៅចាប់ក្រុមអ្នកលេងល្បែងខាងលើដោយខ្លួនឯង ខណៈសមត្ថកិច្ចរបស់លោក ចាំសហការតាមក្រោយ!។
បើតាមលោកអធិការរង គឺភូមិសាស្ត្រនៅទីនោះស្មុកស្មាញ ពិបាកបង្ក្រាបណាស់!។
ម្យ៉ាងវិញទៀត ចម្ងាយពីទីរួមស្រុក ទៅកន្លែងលេងល្បែងជាង៤០គីឡូម៉ែត្រឯណោះ អញ្ចឹងទម្រាំកម្លាំងទៅដល់គេរត់អស់ហើយ..!។
លោកអធិការរង បន្ថែមថាៈ អ្នកលេងល្បែង គេមានខ្សែបណ្ដាញខ្លាំងជាងរូបលោកទៀត ដោយមានអ្នកមើលផ្លូវ ពីចម្ងាយទៀតផង.!។
ចំណែកលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង.បានថ្លែងស្រដៀងគ្នា និងលោកអធិការរងដែរ! ដោយរុញឱ្យអ្នកសារព័ត៌មាន ចាប់ល្បែង និងសហការជាមួយសមត្ថកិច្ចក្នុងការចុះបង្ក្រាប…!។ដោយលោក ហោ ប៊ុនហួរ អះអាងថាៈ ឱ្យតែកម្លាំងចុះទៅ គឺដឹងតែបែកការណ៍រហូត អញ្ចឹងពិបាក។
លោក ហោ ប៊ុនហួរ អះអាងថា(ខ្ញុំប្ដេជ្ញាបង្ក្រាបល្បែង ក្នុងមូលដ្ឋាន)។
បើទោះបីជាលោកអភិបាលស្រុក បានប្ដេជ្ញាបែបនោះក្ដី ប៉ុន្តែធាតុពិតជាក់ស្ដែងៈ សកម្មភាពនៃការ លេងល្បែងខ្នាតធំលំដាប់ VIP ត្រង់ចំណុចខាងលើ គឺនៅតែបន្តសកម្មភាពដដែល..!។ -ឯណាទៅ ភូមិ-ឃុំ-មានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាល បានកំណត់និងដាក់ចេញឱ្យមន្ត្រីមូលដ្ឋានអនុវត្តនោះ..?៕