.
(ភ្នំពេញ) នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃវិស័យព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះជំនួបទ្វេភាគីជាមួយភាគីជប៉ុនដោយបានបញ្ជាក់ថាឯកឧត្តមឯកអគ្គរាជទូតជប៉ុនគឺជាមន្ត្រីការទូតទី១ ដែលឯកឧត្តមបានជួបពិភាក្សាក្រោយពេលឡើងកាន់តំណែងជារដ្ឋមន្ត្រី។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពី ភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនជាពិសេសនៅឆ្នាំ២០២៣ នេះគឺជាខួបអនុស្សាវរីយ៍លើកទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រជប៉ុន។
ក្នុងជំនួបនោះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងពីទំនាក់ទំនងល្អរវាងជប៉ុននិងកម្ពុជា និងបានលើកបង្ហាញពីសមិទ្ធផលជាច្រើននៃទំនាក់ទំនងការទូត ដែលជប៉ុនបានជួយដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាក្នុងការកសាងបន្ទប់ផ្សាយ ព្រមទាំងផ្តល់នូវសម្ភារផ្សព្វផ្សាយកាលពីឆ្នាំ១៩៩៨ រួមនឹងការផ្តល់នូវកម្មវិធីទូរទស្សន៍ផ្សេងៗទៀតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតក៏បានថ្លែងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មានក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតរ៉ូបូតឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យនាពេលកន្លងទៅដែលឯកឧត្តមមានជំនឿថាតាមរយៈកម្មវិធីនេះនឹងជួយឱ្យយុវជនខ្មែរ មានការសិក្សាកាន់តែច្រើនលើផ្នែកវិទ្យាសាស្ត្រនិងវិស្វករ។ ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយូរអង្វែងទៅមុខ។
ជាការឆ្លើយតប ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អំពីការដាក់ចុះយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពមានបេសកកម្មជាប្រវត្តិសាស្ត្រចំនួន ២ គឺថែរក្សានិងថែបំប៉នសន្តិភាព និងទី២ គឺកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ។ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីបាន គូសបញ្ជាក់ជូនឯកឧត្តមឯកអគ្គរាជទូតជប៉ុនថាក្រសួងព័ត៌មាននឹងធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួនដោយរៀបចំទីកន្លែងសម្រាប់បំពេញការងារនិងការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងបរិបទសង្គមបច្ចុប្បន្ន។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះជប៉ុនដែលបានគាំទ្រនិងផ្តល់កម្មវិធីផ្សេងសម្រាប់បង្កើតខ្លឹមសារសម្បូណ៌បែបសម្រាប់ពលរដ្ឋខ្មែរ ហើយឯកឧត្តមបានបញ្ជាក់ពីការសន្យាបន្តទំនាក់ទំនងល្អ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាបច្ចុប្បន្ននេះ ថ្នាក់ដឹនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើឱ្យក្រសួងព័ត៌មានក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។ ទាក់ទងនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថាគឺជាបញ្ហារួមដែលបណ្តាប្រទេសទាំងអស់ត្រូវរួមគ្នាក្នុងការទប់ស្កាត់ព្រោះព័ត៌មានក្លែងក្លាយជាមានគ្រោះថ្នាក់សម្រាប់សង្គម។ ឯកឧត្តមជម្រាបជូនឯកអគ្គរាជទូតជប៉ុនថាក្រសួងព័ត៌មាន នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធានការទប់ស្កាត់។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីបាន លើកឡើងថាក្រសួងនឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្ត។
ជាមួយនឹងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានជួយប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំភាគីជប៉ុន ជួយក្រសួងព័ត៌មានកម្ពុជាលើការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់មក ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញចុះពិនិត្យមើលសមិត្ធផល និងសម្ភារបច្ចេកទេស នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន៕