ឯកឧត្តម ឌិត ទីណា បន្តបេសកកម្មចុះចែកស្រូវពូជជូនដល់ប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តសៀមរាប។
សៀមរាប៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ បានបន្តបេសកកម្មចុះចែកស្រូវពូជជូនដល់ប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង និងដែលមានផ្ទៃដីអាចស្ដារឡើងវិញ នៅខេត្តសៀមរាប។
នៅស្រុកក្រឡាញ់ ឯកឧត្តម ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប លោកជំទាវ ម៉ននី រង្សី អភិបាលរងខេត្តព្រះសៀមរាប និងមន្ដ្រីជំនាញពាក់ព័ន្ធដទៃទៀតជាច្រើនរូប។ នៅស្រុកក្រឡាញ់នេះ ឯកឧត្តម ឌិត ទីណា បានពាំនាំនូវការសូរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដល់ជំនន់ទឹកភ្លៀង។
ដូចគ្នាដែរ នៅក្នុងពិធីចុះចែកអំណោយ (ស្បៀង និងស្រូវពូជ) ដល់ប្រជាជនមកពីឃុំចំនួន៥ នៃស្រុកពួក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្មបានសាកសួរសុខទុក្ខ និងជូនវេទិកាដល់ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីផ្ដល់ការណែនាំលក្ខណៈបច្ចេកទេសដល់បងប្អូនប្រជាកសិករ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់អាចទាញបានសមិទ្ធផលជាអតិបរមា ពីស្រូវពូជដែលផ្ដល់ជូនឱ្យប្រជាកសិកររងគ្រោះនាពេលនេះ។
សូមបញ្ជាក់ថា នៅស្រុកក្រឡាញ់ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានចែកស្រូវពូជចំនួន៤៤.៩៥០គីឡូក្រាម ជូនដល់កសិករចំនួន ៤៥០គ្រួសារ មកពី៨ភូមិនៃឃុំសំបួរ។ នៅឃុំចន្លាស់ដៃ ការចែកស្រូវពូជសម្រេចបានចំនួន ២៩៩៥០គីឡូក្រាម ជូនដល់ប្រជាកសិករចំនួន ៤៧២គ្រួសារ មកពីឃុំខ្នារជោ និងឃុំចន្លាស់ដៃ។
ដោយឡែក នៅស្រុកពួក ការចែកអំណោយនិងពូជស្រូវ បានផ្ដល់ជូនដល់ប្រជាកសិករចំនួន២៩៥គ្រួសារ គិតជាពូជស្រូវចំនួន ២៤៧៥០គីឡូក្រាម ខណៈប្រជាពលរដ្ឋដែលប្រឈមនឹងការខ្វះខាតចំនួន៨៥៣គ្រួសារ បានទទួលអំណោយជាស្បៀងសង្គ្រោះបន្ទាន់ ដែលមានដូចជា អង្ករ ត្រីខកំប៉ុង មី និងស្បៀងអាហារចាំបាច់ដទៃទៀត៕