ខេត្តកំពង់ចាម ៖ ឯកឧត្តមខៀវកាញារីទ្ធនិងលោកជំទាវ ខៀវ ទេពរង្ស៊ីខៀវ កាញារីទ្ធ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បាន នាំយក ទៀនព្រះវស្សា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅ វត្តចំនួន៣ ក្នុងស្រុកកោះសូទិន ដើម្បីជួយសម្រួលដល់បន្ទុកជីវភាពរបស់ព្រះសង្ឃផង ព្រមទំាងចូលរួមការពារសុខសុវត្ថិភាព និងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ខណៈដែលប្រជាជនភាគច្រើនបានអនុវត្តវិធានសុខាភិបាលដើម្បីកាត់បន្ថយការឆ្លង ដែលជាកត្តានាំឱ្យតាមទីវត្តអារាមមួយចំនួន មានការខ្វះខាត ។
វត្តទំាង៣ក្នុងស្រុកកោះសូទិនដែលទទួលបានទៀនព្រះវស្សា និងទេយ្យវត្ថុចម្រុះជាច្រើនមុខរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ និង លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសសហគមន៍នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នាពេលនេះ រួមមាន វត្តសុគន្ធារាម ( ពង្រ ) , វត្តមហាលាភ និង វត្តជោតនារាម (ដំណាក់ព្រីង)។
ការប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុចម្រុះជាច្រើនមុខដល់ព្រះសង្ឃនាឱកាសបុណ្យចូលព្រះវិស្សានេះ គឺ ដើម្បីចូលរួមចំណែក លើកស្ទួយការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ខណៈដែលពិធីបុណ្យចូលព្រះវស្សាឆ្នាំនេះ ប្រព្រឹត្តទៅចាប់ ពីថ្ងៃទី ២៥ ខែកក្តដា ឆ្នាំ ២០២១ ក្នុងកាលកំណត់រយៈពេល ៣ខែ គឺរាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ។ ក្នុងរយៈវេលា៣ខែនេះ នៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយ គេតែងរក្សាភ្លើងទៀនព្រះវស្សាឲ្យនៅឆេះជានិច្ច ។
ក្នុងអំឡុងរយៈ ៣ខែនេះដែរ បងប្អូនពុទ្ធបរិស័ទដែលមានទម្លាប់គោរពព្រះពុទ្ធសាសនា ក៏តែងតែនាំយកមកនូវម្ហូបអាហារ នំចំណី និងគ្រឿងប្រដាប់ប្រើប្រាស់ផ្សេងៗ មកប្រគេនជាបន្តបន្ទាប់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះ។ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនពុទ្ធបរិស័ទខ្មែរយើង ក៏បានជាវទៀនព្រះវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថា ពន្លឺទៀន គឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូត គ្រប់រយៈពេលបីខែ។ មួយវិញទៀត នេះក៏ជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ក៏មានមតិផ្ដាំផ្ញើសាកសួរសុខទុក្ខ ដល់ព្រះសង្ឃ អាចារ្យ យាយជី តាជី ពាក់ព័ន្ធនឹងការបន្តយកចិត្តទុក ដាក់ខ្ពស់ លើការថែទាំសុខភាពប្រចាំថ្ងៃឱ្យបានល្អជាប្រចាំ ដើម្បីចៀសឆ្ងាញពីជំងឺកូវីដ-១៩ ជាពិសេសអនុវត្តន៍វិធានការ ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនបំផុត ។
សូមបញ្ជាក់ថា ឯកឧត្តមខៀវកាញារីទ្ធនិងលោកជំទាវ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ រួមមាន ទៀនវស្សា១គូ អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ទឹកសុទ្ធ នំធុង អាល់កុល និងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្ឈគង់ចាំព្រះវស្សា ចំនួន៣វត្ត ក្នុងស្រុកកោះសូទិន គឺវត្តសុគន្ធារាម ( ពង្រ ) , វត្តមហាលាភ និង វត្តជោតនារាម ( ដំណាក់ព្រីង ) ៕