រាជធានីភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។
ពិធីប្រគល់និងទទួលវ៉ាក់សាំងដែលជាជំនួយរបស់អាមេរិកនេះ បានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោកBen wohlauer ភារធារីស្ថានទូតអាមេរិក, តំណាងអង្គការសុខភាពពិភពលោក និងអង្គការ UNICEF ផងដែរ។
តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹង ងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។
តាមរយៈផេកហ្វេសប៊ុករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។
សូមបញ្ជាក់ថា ប្រទេសជាមិត្តចំនួន៥ហើយ បានផ្តល់និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាត ជំងឺកូវីដ១៩នៅកម្ពុជា ក្នុងនោះមាន ប្រទេសចិន ឥណ្ឌា ជប៉ុន អាមេរិក និងប្រទេសអង់គ្លេស៕