រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យអាណាព្យាបាលយកឯកសារមួយចំនួនមកជាមួយផង នៅពេលនាំកូនរបស់ខ្លួនមក ចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១ខែសីហាខាងមុខនេះ ដើម្បីធានាប្រសិទ្ធភាពក្នុងចាក់វ៉ាក់សាំងឱ្យមានភាពរលូន ។
យោងតាមសេចក្តីជូនដំណឹងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឱ្យដឹងថា ចំពោះកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវយកមកជាមួយនូវឯកសារដូចជា កុមារអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៥ឆ្នាំ សូមយកមកជាមួយនូវសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ។ ចំណែកយុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើតឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។ បន្ថែមពីលើនេះ សូមភ្ជាប់មកជាមួយនូវ លិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់ មាតាបិតា និងអាណាព្យាបាល ក្នុងករណី កុមារឬយុវវ័យនោះស្នាក់នៅឆ្ងាយ ពីមាតាបិតា ឬអាណាព្យាបាល តម្រូវឱ្យមាតាបិតា និងអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាម ប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់។ អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌល និង ក្នុងករណីកុមារ និងយុវវ័យនោះនជាជនអនាថាដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដត្រូវមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន។
រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវ ចំពោះមាតាបិតា និងអាណាព្យាបាលដែលត្រូវនាំបុត្រធីតាឬសាច់ញាតិ ទៅទទូលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ហើយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ -៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួនក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្តាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង”ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ឱ្យបានឆាប់នាពេលខាងមុខនេះ ។
សេចក្តីប្រកាសជូនដំណឹងបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ តាមការអញ្ជើញ និងទំនាក់ទំនងអាជ្ញាធរ មូលដ្ឋាន ដែលមានទីតាំងកំណត់ ។
សូមបញ្ជាក់ថា កន្លងមកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ ឆ្នាំឡើងជុំទី១ បានគ្របដណ្តប់ស្ទើរតែ១០០ភាគរយ នៅទូទាំងរាជធានីភ្នំពេញ ហើយសម្រាប់ទូទាំងប្រទេសប្រមាណជិត ៧០.៤៤ភាគរយ នៃប្រជាពលរដ្ឋគោលដៅ១០លាននាក់៕