ក្រសួងបរិស្ថាន បន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់ សម្ភារ និងបណ្តុះ បណ្តាលជំនាញបន្ថែម ដើម្បីឈានឆ្ពោះទៅរកការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យ ដឹងនៅថ្ងៃទី២ ខែសីហានេះថា រហូតមកទល់បច្ចុប្បន្ន ក្រសួងបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន៥០គ្រឿង ទៅដល់២១រាជធានី-ខេត្ត ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែម ទៀត ខណៈការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ ដែលទាមទារឱ្យដើរទន្ទឹមគ្នានឹងការគ្រប់គ្រងសំរាមសំណល់រឹងតាម លក្ខណបច្ចេកទេស មានធុងដាក់សំរាមត្រឹមត្រូវ មធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស។
ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបានផ្តល់រថយន្តដឹកសំរាមចំនួន១៧គ្រឿង ជូនទៅក្រុង-ស្រុកចំនួន១៥ នៃខេត្តចំនួន៩, ម៉ូតូកង់បីដឹកសំរាម ចំនួន១១៨គ្រឿង ជូនទៅក្រុង-ស្រុកចំនួន៥៤ នៃខេត្តចំនួន២១, គ្រឿងចក្រចូកសំរាម«សាស័រ» ចំនួន២គ្រឿង ជូនទៅខេត្តព្រះសីហនុ, ធុងសំរាមខ្នាតធំចំណុះពី៥ទៅ១១តោន ចំនួន៦៨ធុងជូនទៅខេត្តចំនួន៨, ធុងញែកសំរាម ចំនួន៥០០ធុង ជូនទៅសួនសាធារណៈវិមានឈ្នះឈ្នះ បុរីប៉េងហួត និងសាលារៀន, ធុងចម្រោះទឹកស្អាត ចំនួន៩១ធុង ជូនទៅក្រុង-ស្រុកចំនួន១៥នៃខេត្តចំនួន៥, និងកញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍន៍ដោយនិរន្តរភាព ជូនទៅ២៥រាជធានី-ខេត្ត ដែលមានធុងចម្រោះទឹកស្អាត៥០ និងធុងសំរាម៣០០។
រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤ ដូចជាស្រុកបន្ទាយស្រីខេត្តសៀមរាប, ក្រុងព្រៃវែង និងស្រុកស្វាយអន្ទរខេត្តព្រៃវែង, និងស្រុកអូររាំងឪខេត្តត្បូងឃ្មុំ បាននិងកំពុងអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន បានយ៉ាងល្អប្រសើរ ។ ទន្ទឹមនឹងនេះដែរមាន ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, ស្រុកស្នួល ខេត្តក្រចេះ, និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក៏កំពុងឈានឆ្ពោះទៅរកការគ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាពក្នុងពេលអនាគតខាងមុខ។
ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ចៀសវាងការបោះសំរាមចោលផ្តេសផ្តាស ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងផាសុកភាពសង្គម៕